រឿង ដំរីព្រះពោធិសត្វ


រឿង ដំរីព្រះពោធិសត្វ
        ក្នុងអតីតកាល កាលស្តេចព្រហ្មទត្តគ្រប់គ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ព្រានដំរីអ្នកនគរពារាណសីម្នាក់ សម្លាប់ដំរីហើយ នាំភ្លុក ស្បែក ពោះវៀនធំ និងសាច់ មកលក់ចិញ្ចឹមជីវិត ។
        គ្រានោះដំរីច្រើនពាន់ ដើររកអាហារនៅក្នុងព្រៃមួយកន្លែង ជួបព្រះបច្ចេកពុទ្ធច្រើនអង្គ តាំងពីនោះមក កាលទៅក៏លុតជង្គង់ក្រាបចុះក្នុងកាលដែលឆ្លងកាត់ទៅមក (គ្រប់គ្រា) ទើបឆ្លងទៅ។ ថ្ងៃមួយ ព្រានដំរី ឃើញអាការនោះហើយគិតថា យើងចាប់ដំរីនេះបានដោយលំបាក ក៏ក្នុងការឆ្លងកាត់ទៅមក ដំរីទាំងនេះរមែងជួបព្រះបច្ចេកពុទ្ធទាំងឡាយ ដំរីឃើញអ្វីហ្ន៎ទើបគោរព ក៏កំណត់បានថា ឃើញសំពត់កាសាវៈ ដូច្នេះគិតឃើញថា ‌ឥឡូវនេះយើងគួរបានសំពត់កាសាវៈ កាលព្រះបច្ចេកពុទ្ធមួយអង្គចុះកាន់ជាតិស្រះស្រង់ទឹក ដាក់សំពត់កាសាវៈទាំងឡាយលើមាត់ច្រាំ (ព្រាន)ទើបលួចចីវរមួយផ្ទាំង អង្គុយដណ្តប់គ្របជិតខ្លួនក្បែរមាត់ផ្លូវដែលដំរីទាំងនោះទៅមក ។ ពួកដំរីឃើញហើយ ទើបគោរពដោយសំគាល់ថាព្រះបច្ចេកពុទ្ធ ។ ហើយក៏ឆ្លងទៅ ព្រានដំរីនោះពួយដោយលំពែងទៅត្រូវដំរីខាងក្រោយគេឲ្យស្លាប់ ហើយកាន់យកចំនែកផ្សេងៗ មានភ្លុកជាដើម ចំនែកដ៏សេសកប់ក្នុងផែនដីហើយទៅ ។ ក្នុងកាលកន្លងមក ព្រះពោធិសត្វចាប់បដិសន្ធិក្នុងកំណើតដំរីជាមេហ្វូង។ ក្នុងកាលនោះ ព្រានដំរីនោះក៏គង់ធ្វើយ៉ាងនោះ។ ដំរីព្រះពោធិសត្វឈររងចាំការទៅនៃបរិស័ទរបស់ខ្លួន ទើបសួរថា ដំរីទាំងនេះទៅណា ទើបសល់តិចទៅៗ កាលពួកដំរីទាំងនោះឆ្លើយថា «មិនដឹងទេ» ទើបគិតថា ដំរីទាំងឡាយទៅណាទើបមិនប្រាប់យើងមុន ប្រហែលមានអន្តរាយ នឹកសង្ស័យថា អន្តរាយគប្បីមានពីសំណាក់បុរសដែលអង្គុយឃ្លុំសំពត់កាសាវៈក្នុងទីកន្លែងមួយ។ ដើម្បីនឹងចាប់បុរសនោះ ទើបបញ្ជាដំរីទាំងអស់ឲ្យទៅខាងមុខមុន ចំណែកខ្លួនមកខាងក្រោយ ។
        កាលដំរីដ៏សេសគោរពហើយដើរទៅ ព្រានដំរីនោះ ឃើញដំរីព្រះពោធិសត្វកំពង់ដើរមកដល់ ក៏លាត់ចីវរពួយលំពែងទៅ។ ព្រះពោធិសត្វតាំងសតិដើរចូល ហើយត្រឡប់ថយទៅខាងក្រោយគេចពីលំពែង ទើបរត់ចូលទៅដើម្បីចាប់ព្រានដំរី ដោយសំគាល់ថា «មនុស្សនេះឯងឲ្យដំរីពួកយើងវិនាស» ។ ព្រានដំរីនោះក៏គេចអែបនឹងដើមឈើមួយដើម ពេលនោះដំរីព្រះពោធិសត្វ យកប្រមោយចាប់ព្រានរួបនឹងដើមឈើ ដោយតាំងចិត្តថា ចាប់បោកនឹងផែនដី លុះឃើញសំពត់កាសាវៈដែលព្រាននាំចេញមក ទើបមិនបោក ដោយគិតឃើញថា «បើយើងប្រទូសរ៉ាយក្នុងបុរសនេះសោត ឈ្មោះថា សេចក្តីអៀនខ្មាសក្នុងព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពច្រើនពាន់អង្គ ក៏ឈ្មោះថា យើងជាអ្នកបំផ្លាញហើយ» ទើបសួរព្រានថា ញាតិរបស់យើងប្រមាណប៉ុណ្ណេះ អ្នកធ្វើឲ្យវិនាសឬ ? ព្រានដំរីទទួលសារភាពថា «បាទនាយ» ។ ដំរីព្រះពោធិសត្វពោលថា ព្រោះហេតុអ្វីអ្នកទើបធ្វើកម្មអាក្រក់យ៉ាងនេះ អ្នកដណ្តប់សំពត់ដែលមិនសមគួរដល់ខ្លួន ដែលសមគួរចំពោះតែលោកអ្នកប្រាសចាករាគៈទាំងឡាយ កាលធ្វើបាបកម្មបែបនេះ ឈ្មោះថា ធ្វើកម្មដ៏អាក្រក់ លុះពោលយ៉ាងនេះហើយ កាលនឹងញាំញីឲ្យខ្លាំងឡើង ទើបពោលគាថានេះថា ៖
        អនិក្កសាវោ កាសាវំ, យោ វត្ថំ បរិទហេស្សតិ;
          អបេតោ ទមសច្ចេន, ន សោ កាសាវមរហតិ ។
          យោ ច វន្តកសាវស្ស, សីលេសុ សុសមាហិតោ;
          ឧបេតោ ទមសច្ចេន, ស វេ កាសាវមរហតិ ។
          អ្នកណា នៅមានទឹកចត់គឺរាគាទិកិ្កលេស (ក្នុងសន្តាន) ជាអ្នកបោះបង់នូវការទូន្មាន នូវឥន្ទ្រិយនឹងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះមិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ ។ លុះតែអ្នកណា មានទឹកចត់គឺរាគាទិកិ្កលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកប ដោយការទូន្មាននូវឥន្ទ្រិយនឹងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន ។
        ដូច្នេះហើយ ព្រះពោធិសត្វពោលថា អ្នកធ្វើកម្មដែលមិនសមគួរ ហើយក៏ដោះលែងព្រាននោះទៅ៕
(ធម្មបទដ្ឋកថា​ យមកវគ្គ)

រឿង ដំរីព្រះពោធិសត្វ រឿង ដំរីព្រះពោធិសត្វ Reviewed by www.vipassana dharmsk2.com on 7:43 AM Rating: 5
Powered by Blogger.