មហាសតិប្បដ្ឋានសូត្រ ទី៩
មហាសតិប្បដ្ឋានសូត្រ
ទី៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ។
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់អ្នកកុរុ
ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគមនោះឯង
បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា
នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា
ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែមួយ
[ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យមួយ លោកថា
ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់ព្រះនិព្វាន
មិនមានបែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា
ជាផ្លូវដែលត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី
ដែលលះបង់ពួកចេញ ហើយទៅសម្ងំនៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត
លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ
ព្រោះព្រះអង្គប្រសើរជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន
ឲ្យកើតមានឡើងផង។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់
នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស
ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ
ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋានទាំង៤ តើអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី
(ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [អដ្ឋកថា ថា
លោកក្នុងទីនេះ សំដៅយកកាយ ព្រោះកាយនោះ ជាសភាវៈតែងទ្រុឌទ្រោម វិនាសទៅជាធម្មតា
មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុងកាយនោះ មិនមែនត្រឹមតែក្នុងកាយប៉ុណ្ណោះទេ
សូម្បីតែអភិជ្ឈា និងទោមនស្សក្នុងពួកវេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ
ព្រោះហេតុនោះ បានជាក្នុងគម្ពីរវិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា
លោកដែរ។] ចេញ១ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤
មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់)
កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ
នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម
ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់)
កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន
មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។
ចប់ ឧទ្ទេសវារកថា។
ទីឃនិកាយ
ចតុត្ថភាគ ( បិដក ភាគ ១៧)
អានាបានបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤
តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី
ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់
តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ
មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង
ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី
ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា
អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ
គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ
គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ
(អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ
ដកដង្ហើមចូល ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្សនៃជាងក្រឡឹងក្តី
ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង ឬកាលទាញខ្សែក្រឡឹងខ្លី
ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង
ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី
ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា
អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ
គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ
គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូលសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ
ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល
មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង
(កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ
នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង
ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន
និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌
ដែលប្រជុំកើតឡើងក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង
ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា
ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា
ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ
[អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង
ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា
ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា
ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌
ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង។
មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន (មិនមែនសត្វ
មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់
ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ
(ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង
មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា
ឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
ចប់ អានាបានបព្វៈ។
ទីឃនិកាយ
ចតុត្ថភាគ ( បិដក ភាគ ១៧)
ឥរិយាបថបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ កាលឈរក្តី
ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ
កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ
ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយអាការៈយ៉ាងនោះៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ
ជាប្រក្រតីគ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវកាយក្នុងកាយខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង
ពិចារណាឃើញនូវកាយក្នុងកាយ ជាខាងក្នុងនិងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌
ដែលជាទីប្រជុំកើតឡើងក្នុងកាយជាប្រក្រតីគ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលសូន្យទៅ
ក្នុងកាយជាប្រក្រតីគ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌
ដែលប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤ ផង។
មួយទៀតស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថា កាយមានមែនគ្រាន់តែជាទីកំណត់
ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ
(ដោយតណ្ហានិងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង
៤ យ៉ាងនេះឯង។
ចប់ ឥរិយាបថបព្វៈ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
សម្បជញ្ញបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ
កិរិយាដឹងច្បាស់នូវកម្មដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍ ១ សប្បាយសម្បជញ្ញៈ
កិរិយាដឹងច្បាស់នូវអារម្មណ៍ដែលជាទីសប្បាយ ១ គោចរសម្បជញ្ញៈ
កិរិយាដឹងច្បាស់នូវកម្មដ្ឋានដែលត្រូវចិត្ត ១ អសម្មោហសម្បជញ្ញៈ
កិរិយាដឹងច្បាស់នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។]
គឺសេចក្តីដឹងខ្លួនក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួនក្នុងកាលក្រឡេកមើលទៅមុខ
ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួនក្នុងកាលបត់ដៃជើង ឬលាដៃជើង
ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ
ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ
មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់នូវឧច្ចារៈ បស្សាវៈ
ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។
ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង
ពិចារណាឃើញនូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុងនិងខាងក្រៅ គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថា
កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។
ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហានិងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង
មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ សម្បជញ្ញបព្វៈ។
ទីឃនិកាយ ចតុត្ថភាគ (បិដក
ភាគ ១៧)
បដិកូលមនសិការបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ
ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត
មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ
ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច
អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ
ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង
ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺស្រូវខ្សាយ ស ស្រូវខ្សាយក្រហម
សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ
ហើយពិនិត្យមើលដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស
នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់
នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក
ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា
ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង
តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់
ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ
ទឹករំអិល ទឹកមូត្រ មានឧបមេយ្យដូច្នោះ ឯង។ (ភិក្ខុ) ពិចារណាឃើញ
នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង ពិចារណាឃើញនូវកាយក្នុងកាយខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងនិងខាងក្រៅ
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន
គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ
(ដោយតណ្ហានិងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
យ៉ាងនេះឯង។
ចប់
បដិកូលមនសិការបព្វៈ ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
ធាតុមនសិការបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា
ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក
ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី
កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីពិឃាតគោ ហើយរំលែកជាចំណែកៗ
អង្គុយនៅទៀបផ្លូវធំបែកជា ៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុពិចារណាឃើញច្បាស់នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា
គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់
មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង
(ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។បេ។
ចប់
ធាតុមនសិការបព្វៈ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
នវសីវថិកាបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោលនៅក្នុងព្រៃស្មសាន
ទោះស្លាប់អស់ ១ ថ្ងៃក្តី ស្លាប់អស់ ២ ថ្ងៃក្តី ស្លាប់អស់ ៣ ថ្ងៃក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូចម្តេច មិញ។ ភិក្ខុនោះ
(ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ [អដ្ឋកថា ថា
បានដល់កាយដែលនៅមានធម៌ ៣ យ៉ាង គឺ អាយុ ១ កំសួលភ្លើងធាតុ ១ វិញ្ញាណ ១។] នេះសោត
ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។
ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ
មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន
ដែលក្អែកទាំងឡាយកំពុងចឹកស៊ីក្តី ត្រដក់គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ
កំពុងចឹកស៊ីក្តី សត្វស្វាទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី
បាណកជាតិ (សត្វល្អិតៗ មានរុយជាដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី
ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា
សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ
នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងជាប្រក្រតី
ដោយការកំណត់នូវអសុភ មានអសុភដែលពួកសត្វកំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង ៤
យ៉ាងនេះផង ពិចារណាឃើញនូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវកាយក្នុងកាយ
ជាខាងក្នុងនិងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញ នូវធម៌ដែលប្រជុំកើតឡើង
ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែនគ្រាន់តែជាទីកំណត់
ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។
ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន
សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាមមានសរសៃ ជាគ្រឿងចងដូចម្តេចមិញ។
សរីរៈនៅសល់តែរាងឆ្អឹង
ឥតមានសាច់ប្រឡាក់ដោយឈាមមានសរសៃជាគ្រឿងចង
សរីរៈនៅសល់តែរាងឆ្អឹង
មិនមានសាច់និងឈាម មានតែសរសៃជាគ្រឿងចង។
សរីរៈនៅសល់តែរាងឆ្អឹងទទេ
មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅក្នុងទិសតូចនិងទិសធំ គឺឆ្អឹងដៃទៅដោយឡែក
ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក
ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក
ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក
ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ
(ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត
ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ
នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងជាប្រក្រតី
(ដោយការកំណត់នូវសរីរៈស្លាប់ ដែលសល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង ៤
យ៉ាងនេះផង ពិចារណាឃើញនូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញ នូវធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា
កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា
ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង
៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ
នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន
សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរនៃស័ង្ខ។
សរីរៈនៅសល់តែឆ្អឹងទទេ
រោយរាយជាពំនូកៗ កន្លងហួសទៅមួយឆ្នាំហើយ។
សរីរៈសល់នៅតែឆ្អឹងទទេ
ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ
(ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ
គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបាន ឡើយ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយ
ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង
ពិចារណាឃើញនូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវកាយក្នុងកាយ
ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើងក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា
កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា
ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ)
គ្រប់ឥរិយាបថទាំង ៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ នវសីវថិកាបព្វៈ។
ចប់ កាយានុបស្សនា ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
វេទនានុបស្សនា
ការពិចារណានូវវេទនា
ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី
ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា
អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា
អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី [អដ្ឋកថា ថា
សោមនស្សវេទនា ដែលអាស្រ័យនូវកាមគុណ ៥ ប្រព្រឹត្តទៅក្នុងទ្វារ ៦ ហៅថា សាមិសសុខ។]
ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ
[អដ្ឋកថាថា បានខាងសោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ
ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា
ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ [បានខាងទោមនស្សវេទនា
ដែលអាស្រ័យកាមគុណ ៥ ប្រព្រឹត្តទៅក្នុងទ្វារ ៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ
ទទួលទុក្ខវេទនាប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនាដែលឥតអាមិសៈ [បានខាងទោមនស្សវេទនា
ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ ៦។] ក្តី ក៏ដឹងច្បាស់ថា
អាត្មាអញទទួលទុក្ខវេទនាដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ
[បានខាងឧបេក្ខាវេទនា ដែលអាស្រ័យកាមគុណ ៥ ប្រព្រឹត្តទៅក្នុងទ្វារ ៦។] ក្តី
ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ
កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ
ប្រព្រឹត្តទៅក្នុងទ្វារទាំង ៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា
ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី
(ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង
ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ខាងក្នុងនិងខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងវេទនាទាំងឡាយ
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងវេទនាទាំងឡាយ
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅក្នុងវេទនាទាំងឡាយ
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ
ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន
គ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។
(ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង
មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ វេទនានុបស្សនា។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
ចិត្តានុបស្សនា
ការពិចារណាចិត្ត
ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ
ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា
ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ
ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ
ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា
ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ
ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ)
ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ)
ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង
(គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង
ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា
ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និងឧបចារសមាធិ)
ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាកសមាធិទាំង២)
ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ [ពាក្យថា
ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ ២ ប្រការគឺ តទង្គវិមុត្តិ
១ វិក្ខម្ភនវិមុត្តិ ១។ អនុបស្សនា ៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ
ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង
ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ ៨ ហៅថា
វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម
តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ ២៦។]
ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា
ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត
ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវចិត្តក្នុងចិត្តខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង ៤
ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត
គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ
ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា
ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា
និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្តជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ ចិត្តានុបស្សនា។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
ធម្មានុបស្សនា
ការពិចារណានូវធម៌
ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី
គឺនីវរណៈទាំង ៥ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី
គឺនីវរណៈទាំង ៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
ទោះកាមច្ឆន្ទៈមាននៅក្នុង សន្តានចិត្តនៃខ្លួនក៏ដឹងច្បាស់ថា
កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ
មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ
មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង
ហើយកើតឡើងបានដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា
ការធ្វើទុកក្នុងចិត្តដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត
ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខថាសុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។]
កិរិយាលះបង់នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា
ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថាទុក្ខមែន
មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា
លះបង់ដោយធម៌ ៦ ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ ១
កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ ១
ភាវៈជាអ្នកមានទ្វារគ្រប់គ្រងល្អក្នុងឥន្ទ្រិយទាំងប្រាំមួយ ១
ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន ១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត ១
ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ ១។] កាមច្ឆន្ទៈដែលលះបង់បានហើយ
មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [កាមច្ឆន្ទៈមិនកើតតទៅទៀត
ដោយសារអរហត្តមគ្គ។]។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ
មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ
កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ការធ្វើទុកក្នុងចិត្ត
ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ដែលខ្ទាំងខ្ទប់ចិត្ត
ជាហេតុនាំឱ្យកើតព្យាបាទ។] កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ
គឺមេត្តាចិត្តដែលបានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់ដោយធម៌
៦ ប្រការ គឺ រៀនមេត្តានិមិត្ត ១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា ១
ពិចារណាឃើញនូវភាវៈនៃសត្វដែលមានកម្មជារបស់ខ្លួន ១
ភាវៈជាអ្នកច្រើនដោយការពិចារណា ១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត ១
ភាវៈជាអ្នកនិយាយនូវពាក្យជាទីសប្បាយ ១។] ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀតដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]។
ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តអាត្មាអញ
ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ
ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើតឡើងដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង
[ហេតុដែលនាំឲ្យកើតថីនមិទ្ធៈមាន ៥ ប្រការ គឺមិនត្រេកអរ ១ ច្រអូសឬទម្រន់កាយ ១
មិតពត់កាយ ១ ពុលបាយ ១ រួញចិត្ត ១។] កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម ៣ យ៉ាងគឺ
ព្យាយាមដែលប្រារព្ធផ្តើមឡើងជាដំបូង ១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ
(សេចក្តីខ្ជិល) ១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ ១។ ម្យ៉ាងទៀតថា
លះបង់ដោយធម៌ ៦ ប្រការ គឺ កាន់យកនិមិត្តក្នុងការបរិភោគហួសប្រមាណ ១
ភាពនៃកិរិយាផ្លាស់ប្តូរឥរិយាបថ ១ ការធ្វើទុកក្នុងចិត្តចំពោះអាលោកសញ្ញា ១
នៅក្នុងឱកាសដែលស្រឡះ ១ ភាពជាអ្នករាប់រកកល្យាណមិត្ត ១
ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ ១។] ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀតដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះផង [ថីនមិទ្ធៈមិនកើតតទៅទៀតដោយសារអរហត្តមគ្គ។]។
ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈមិនមាន
នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ
ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
[អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា
ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យកើតឧទ្ធច្ចកុក្កុច្ចៈ។] ផង
ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
[ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដែលជាគ្រឿងរម្ងាប់ចិត្ត
ជាហេតុលះបង់នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌ ៦ ប្រការ គឺភាវៈជាអ្នកចេះដឹង
ឬស្តាប់ច្រើន ១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ ១
ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន ១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត ១
ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ
មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ឧទ្ធច្ចៈមិនកើតតទៅទៀត
ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]ផង។
ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន
ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ
ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
[ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ដែលជាទីតាំងនៃសេចក្តីសង្ស័យ
ជាហេតុនាំឱ្យកើតវិចិកិច្ឆា។] ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា
ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់ដោយធម៌ ៦ប្រការ
គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន ១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ
១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់ ១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត ១
ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ ១។] ផង វិចិកិច្ឆាដែលលះបង់បានហើយ មិនកើតតទៅទៀត
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។]ផង។
ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី
(ដោយការកំណត់នូវនីវរណធម៌ ៥ យ៉ាង) គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង
ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤ផង
ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ
ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា
ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ)
គ្រប់ឥរិយាបថទាំង ៤ ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺ នីវរណៈទាំង ៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
យ៉ាងនេះឯង។
ចប់ នីវរណៈបព្វៈ ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
ខន្ធបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ
គឺឧបាទានក្ខន្ធទាំង ៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤។ ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង ៥ ជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
(ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាទីកើតឡើងនៃរូបមានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូល បណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វេទនា មានប្រមាណប៉ុណ្ណេះ [មានន័យ លក្ខណៈក្នុងសតិប្បដ្ឋានសូត្រ
មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះ ហើយ។] ធម៌ដែលជាដែនកើតឡើងនៃវេទនា
មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវេទនាមានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សញ្ញា មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ
មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។]
ធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វិញ្ញាណមានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ
[មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ
ត្រង់ពួកខន្ធបព្វៈឯណោះ ហើយ។]។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ
ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង
ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌
ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត ស្មារតី
(ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់
ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ
មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង
មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង ៥ ជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ ខន្ធបព្វៈ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
អាយតនបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ ៦ ទាំងខាងក្នុង
ទាំងខាងក្រៅ ជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤។ ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ ៦ ទាំងខាងក្នុង ទាំងខាងក្រៅ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹងច្បាស់នូវរូបទាំងឡាយផង មួយវិញទៀត
សញ្ញោជនៈណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង
ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ [អដ្ឋកថាថា កិលេសជាត
ជាគ្រឿងចងសត្វទុក ហៅថា សញ្ញោជនៈ
មាន ១០ យ៉ាងគឺ កាមរាគៈ ១ បដិឃៈ ១ មានៈ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត្តបរាមាសៈ ១
ភវរាគៈ ១ ឥស្សា ១ មច្ឆរិយៈ ១ អវិជ្ជា ១។] ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។
ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹងច្បាស់នូវសំឡេងទាំងឡាយផង។
ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង
ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។
ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់នូវធម្មារម្មណ៍ទាំងឡាយផង សញ្ញោជនៈណា
ដែលអាស្រ័យនូវចិត្ត និង ធម្មារម្មណ៍ទាំងពីរនោះ កើតឡើង
ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើតឡើងដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា សំយោជនៈទាំង ១០ កើតឡើងព្រោះអាស្រ័យហេតុផ្សេងគ្នា
គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាចកាម ចំពោះអារម្មណ៍គួរប្រាថ្នា
ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តីក្រោធ ចំពោះអារម្មណ៍
ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើក្រៅតែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបាន ឡើយ។ ទិដ្ឋិសំយោជនៈ គឺសេចក្តីប្រកាន់នូវរូបារម្មណ៍នុ៎ះថាទៀង
ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ
ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ
ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា
សីលព្វត្តយ៉ាងនេះ យើងអាចសមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា
សូមកុំឲ្យជនដទៃបានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ
គឺសេចក្តីកំណាញ់លាក់លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គលដទៃ។ អវិជ្ជាសំយោជនៈ
គឺសេចក្តីមិនដឹងនូវសហជាតធម៌ទាំងអស់។] ផង កិរិយាលះបង់បាននូវសញ្ញោជនៈ
ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់ដោយបហានៈ ២ យ៉ាងគឺ
តទង្គប្បហានៈ ១ វិក្ខម្ភនប្បហានៈ ១។]ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [សំយោជនៈទាំង ៥ ប្រការ គឺទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត្តបរា
មាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ ដែលមិនកើតតទៅទៀត ដោយសារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ
ទាំងពីរដែលនៅគ្រោតគ្រាត មិនកើតតទៅទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត
មិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។ មានៈ ១ ភវរាគៈ ១ អវិជ្ជា ១ ដែលមិនកើតតទៅទៀត
ដោយសារអរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត
ក៏ត្រូវតាមន័យនេះដែរ។]ផង។- ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង
និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង
ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង
និងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង។ មួយទៀត
ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន
គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។
ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង
មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ អាយតនបព្វៈ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
សច្ចបព្វៈ
ទុក្ខសច្ចនិទ្ទេស
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង ៤
គ្រប់ឥរិយាបថទាំង ៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ
គឺអរិយសច្ចទាំង ៤ គ្រប់ឥរិយាបថទាំង ៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា
នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ
ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសភាវៈរំលត់ទុក្ខ។
ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែលកើតជាដំបូង
ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈគឺសេចក្តីស្លាប់ ក៏ជាទុក្ខ
សោកៈគឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ
គឺសេចក្តីលំបាកកាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ
គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួបប្រសព្វ
ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ
គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ
យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គលកាលចង់បាននូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ
ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។
ម្នាលភិក្ខុទាំងឡាយ
ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយាកើតព្រម ការចុះចាប់ផ្ទៃ
ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាននូវអាយតនៈណា របស់សត្វនោះៗ
ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ
ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬការប្រែប្រួល ធ្មេញបាក់
សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការទ្រុឌទ្រោមឥន្ទ្រិយទាំងឡាយណារបស់សត្វទាំងឡាយនោះៗ
ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ
ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ
សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត
សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព
ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ
ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។
ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច
សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ
ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ
ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា
បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ)
កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក
ភាវៈនៃការយំបម្រះននៀលណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ)
ដែលសេចក្តីទុក្ខណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។
ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ
សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស
ការទទួលរងសេចក្តីមិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។
ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ
សេចក្តីលំបាកក្នុងចិត្ត សេចក្តីមិនសប្បាយក្នុងចិត្ត
សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួលអារម្មណ៍មិនស្រួលណា
ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា
ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត
ភាវៈនៃ សេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ)
ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។
ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ
រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា
ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ
ពុំនោះសោត ជនទាំងឡាយណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍
ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវអំពើដែលមិនក្សេមចាកយោគៈ
ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា
ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ
ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ
ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍
រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត
មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី
បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី
ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ
ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា
មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ
នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា
បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ
ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា
តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ
កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ
ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថាយម្បិច្ឆំ ន លភតិ តម្បិ
ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ
ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក
សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត
ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ
កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត
សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល
សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តីខ្លោចផ្សាចិត្ត
កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា
នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ
ចុះដូចម្តេចឧបាទានក្ខន្ធទាំង ៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។
ឧបាទានក្ខន្ធទាំង ៥ នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ ១ វេទនា ជាឧបាទានក្ខន្ធ ១
សញ្ញា ជាឧបាទានក្ខន្ធ ១ សង្ខារ ជាឧបាទានក្ខន្ធ ១ វិញ្ញាណ ជាឧបាទានក្ខន្ធ ១
ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ ៥
ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។
ទីឃនិកាយ ចតុត្ថភាគ ( បិដក
ភាគ ១៧)
ពោជ្ឈង្គបព្វៈ
ម្នាលភិក្ខុទាំងឡាយ
ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ ៧ ប្រការ
ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌
ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ ៧ ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤
តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ
មាននៅក្នុង សន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ
មិនមាននៅក្នុងសន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ
មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង
ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា
ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិ សម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន
ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង
ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន ៤ យ៉ាងគឺ
ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង ៧ មានដើរទៅមុខជាដើម ១
វៀរចាកបុគ្គលភ្លេចស្មារតី ១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន ១
បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ ១។] ផង កិរិយាចម្រើនពេញបរិបូណ៌
នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា
ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ
ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ
ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត
ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន ៤ យ៉ាងគឺ ត្រូវឲ្យមានសតិ
និងសម្បជញ្ញៈក្នុងទីទាំង ៧ មានដើរទៅមុខជាដើម ១ វៀរចាកបុគ្គលភ្លេចស្មារតី ១
រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន ១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ
១។]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថា ថា
ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន ៧ គឺ សភាវៈសាកសួរ ១
ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម
អោយស្អាត ១ ប្រមូលឥន្ទ្រិយទាំង ៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា ១
វៀរចាកបុគ្គលដែលអាប់ឥតប្រាជ្ញា ១ រាប់រកបុគ្គល ដែលមានប្រាជ្ញា ១ ពិចារណា
ចំពោះបញ្ចក្ខន្ធដ៏ជ្រៅដោយញាណចរិយា ១ បង្អោនចិត្តទៅ ដើម្បីកំណត់
ធម្មវិចយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ ១។] ទោះវិរិយសម្ពោជ្ឈង្គ
មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ដែលជាហេតុ នាំឱ្យកើតវិរិយសម្ពោជ្ឈង្គមាន ១១ គឺ
ពិចារណាឃើញនូវភ័យតិចតួច ១ ឃើញនូវអានិសង្ស (នៃការព្យាយាម) ១
ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះបិណ្ឌបាត ១
ពិចារណាឃើញនូវអរិយទ្រព្យទាំង ៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តាជាធំ ១
នូវជាតិជាធំ ១ នូវសព្រហ្មចារីបុគ្គលជាធំ ១ វៀរចាកបុគ្គលខ្ជិលច្រអូស ១
រាប់រកបុគ្គលមានព្យាយាម ១ បង្អោនចិត្តទៅដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ
គ្រប់ឥរិយាបថ ១។] ទោះបីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។
[ធម៌ដែលជាហេតុនាំឲ្យកើតបីតិសម្ពោជ្ឈង្គមាន ១១ គឺ រលឹកដល់ព្រះពុទ្ធ ១ ព្រះធម៌ ១
ព្រះសង្ឃ ១ សីល ១ បរិច្ចាគ ១ ធម៌នាំឱ្យកើតជាទេវតា ១ ព្រះនិព្វាន ១
វៀរចាកបុគ្គលមិនស្អាត ១ រាប់រកបុគ្គលស្អាត ១ ពិចារណាតាមបាសាទនីយសូត្រ ១
បង្អោនចិត្តទៅដើម្បីតម្កល់បីតិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ ១។]
ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។
[ធម៌ដែលជាហេតុនាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន ៧ គឺ ត្រូវការភោជនថ្លៃថ្លា ១
ត្រូវការរដូវសប្បាយ ១ ត្រូវការឥរិយាបថសប្បាយ ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល ១
វៀរចាកបុគ្គលអ្នកស្ងួនគ្រងកាយ ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់ ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បស្សទ្ធិសម្ពោជ្ឈង្គគ្រប់ឥរិយាបថ
១។] ទោះសមាធិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃ
ខ្លួន។បេ។ [អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គមាន ១១ គឺ
ធ្វើវត្ថុខាងក្នុង និងខាងក្រៅឱ្យស្អាត ១ ប្រមូលឥន្ទ្រិយទាំង ៥ ឱ្យស្មើគ្នា ១
ឈ្លាសក្នុងកសិណនិមិត្ត ១ ផ្គងចិត្តឡើងតាមសម័យ ១ សង្កត់សង្កិនចិត្តតាមសម័យ ១
ធ្វើចិត្តអោយរីករាយ (ចំពោះសំវេគវត្ថុ ៨ ប្រការ) តាមសម័យ ១ ធ្វើចិត្តឱ្យសំឡឹង
(នូវអារម្មណ៍)១ វៀរចាកបុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន ១
រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន ១ ពិចារណានូវឈានវិមោក្ខ ១ បង្អោនចិត្តទៅដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គគ្រប់ឥរិយាបថ
១។] ទោះឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា
ឧបេក្ខាសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន
ក៏ដឹងច្បាស់ថា ឧបេក្ខា សម្ពោជ្ឈង្គមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ
ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង
កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយដោយហេតុណា
ក៏ដឹងច្បាស់នូវហេតុនោះ [ធម៌ដែលជាហេតុនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គមាន ៧ គឺ
ធ្វើចិត្តឲ្យតាំងនៅជាកណ្តាលចំពោះសត្វ ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសង្ខារ ១
វៀរចាកបុគ្គលដែលមានការទំនុកបំរុងចំពោះសត្វ និងសង្ខារ ១
រាប់រកបុគ្គលដែលមានចិត្តជាកណ្តាល ចំពោះសត្វ និងសង្ខារ ១ បង្អោនចិត្តទៅ ដើម្បីឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គគ្រប់ឥរិយាបទ
១។] ផង។ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតីគ្រប់ឥរិយាបថទាំង
៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង
និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង ពិចារណាឃើញនូវធម៌
ដែលជាទីប្រជុំកើតឡើងក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង
ពិចារណាឃើញនូវធម៌ដែលសូន្យទៅក្នុងធម៌ទាំងឡាយ គ្រប់ឥរិយាបថទាំង ៤ ផង។ ពិចារណាឃើញនូវធម៌
ដែលជាទីប្រជុំកើត និងសូន្យទៅក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ ផង។
មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន
គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។
ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង ៤ ផង
មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង ៧ ជាប្រក្រតី
គ្រប់ឥរិយាបថទាំង ៤ យ៉ាងនេះឯង។
ចប់ ពោជ្ឈង្គបព្វៈ។
ចប់ បឋមភាណវារៈ។
ទីឃនិកាយ ចតុត្ថភាគ ( បិដក ភាគ ១៧)
មហាសតិប្បដ្ឋានសូត្រ ទី៩
Reviewed by www.vipassana dharmsk2.com
on
7:49 AM
Rating: