អនុមោទនាបុណ្យមាឃបូជា

ពិធីបុណ្យមាឃបូជា៖


        ទី១ គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះ ជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅមុនថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ ពោល គឺមុនថ្ងៃ១៥កើត ពេញបូរមី ខែមាឃ ឆ្នាំ ម្សាញ់បញ្ចស័ក នៅពេលនោះ មហាមារបានអារធនាព្រះអង្គ ចូលបរិព្វាននៅគ្រានោះថាបពិត្រព្រះអង្គដ៏ចម្រើន ! ដល់វេលាដែលព្រះអង្គចូលនិព្វានហើយ។ ព្រះអង្គតបទៅមារវិញថាម្នាលមារមានចិត្តបាប ! ចូលអ្នកកុំខ្វាយខ្វល់ឡើយ នៅសល់ពីបីខែទៀត តថាគតនឹងបរិនិព្វានហើយ”​។ ទោះបីជាតថាគត បានសម្រេចដាក់អាយុសង្ខារហើយក៏ដោយ ប៉ុន្តែព្រះអង្គបានត្រាស់បញ្ជាក់ ប្រាប់ព្រះអានន្ទថាម្នាលអានន្ទ ! ធម៌ណា វិន័យណា ដែលតថាគតបានសម្តែងហើយ បានបញ្ញត្តិហើយចំពោះអ្នកទាំងឡាយ កាលបើអំណឹះអត់ពីតថាគតទៅ ធម៌វិន័យទាំងនោះ ជាសាស្តា ជាគ្រូប្រៀនប្រដៅរបស់អ្នកទាំងឡាយហើយ។
        ការដាក់ជន្មាយុសង្ខារនេះ គឺជាការបង្ហាញនូវសភាពមិនទៀងនៃសង្ខារ ដែលកើតមកហើយ រមែងរលត់ទៅវិញជាធម្មតា ដើម្បីឲ្យយើងទាំងអស់គ្នាបាន ពិចារណាថា សត្វលោកទាំងអស់ គឺស្ថិតក្នុងភាពមិនទៀងទាត់គ្មាននរណាម្នាក់ អមតៈឡើយ សូម្បីតែព្រះអង្គបានត្រាស់ជាព្រះពុទ្ធហើយ ក៏គង់នឹងចូលបរិនិព្វាន ដែរ



ទី២ រំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គសម្ដែងនូវឱវាទបាតិមោក្ខ "ធម្មនុញ្ញព្រះពុទ្ធសាសនា"  ប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១.២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ នឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។ ការប្រជុំសាវ័កបែបនេះហៅថា ចតុរង្គសន្និបាត គឺការប្រជុំប្រកប ដោយអង្គ៤ ក្នុងពុទ្ធកាលនៃព្រះសក្យមុនី បរមគ្រូរបស់យើងមានតែម្តងប៉ុណ្ណោះ ដែលបានធ្វើឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គ ចំនួន៩ខែគត់ ។។ មួយទៀត កាលដែលព្រះបរមសាស្តាចារ្យនៃយើងទ្រង់មានព្រះជន្ម បើគិតតាម ឈ្មោះខែ នៅខ្វះ ៤ខែ បើគិតតាមចំនួនថ្ងៃនៅខ្វះ ៨៨ថ្ងៃទៀត នឹងគ្រប់ ៨០ឆ្នាំគត់ ព្រះអង្គទ្រង់កំណត់នូវព្រះជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយ គិតពីថ្ងៃនេះទៅនៅខ្វះតែ ៤ខែទៀតទេ តថាគតនិងរលត់ខន្ធ ចូលកាន់បរិនិព្វាន។ ការកំណត់ព្រះជន្មាយុនេះ នៅថ្ងៃ១៥កើត ខែមាឃដែរ។ តិថីនេះជាឧបលក្ខិតសម័យមួយដ៏ឧត្តម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមិកជន ទាំងបព្វជិត ទាំងគ្រហស្ត ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃ ជាវ័ករបស់ព្រះអង្គ។

 ការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន
         អង្គទី១ គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ
         អង្គទី២ ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង ១.២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។
         អង្គទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។
         ចំណែកអង្គទី៤ គឺព្រះភិក្ខុសង្ឃ ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាស់នូវគោលការណ៍ ចំនួន១១ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីព្រះពុទ្ធសាសនា។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ:
I-គោលបំណង របស់ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណង របស់ពុទ្ធសាសនិកម្នាក់ៗ គឺស្វែងរកនិព្វានដែលប្រែថា សភាវប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះមានន័យស្មើនិង ពាក្យថា "សន្តិ" ដែលប្រែថា "សេចក្តីស្ងប់" ។ យើងអាចនិយាយបានថា គោលបំណងរបស់ ព្រះពុទ្ធសាសនា គឺបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះ នៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង ។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែងធ្វើឲ្យសម្រេច ។








II-គោលដៅ សន្តិភាព និង/ឬនិព្វាន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយការផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់ មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតឡើងដោយសារការសន្សំរបស់សម្មភាព៣យ៉ាងគឺ:
          1. សព្វបាបស្ស អករណំ     មិនឱ្យធ្វើបាបទាំងពួង គឺឱ្យវៀរចាកទុច្ចរិត (ប្រព្រឹត្ដអាក្រក់) ដោយកាយ វាចា ចិត្ដ ។ ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅ ទាំងផ្លូវកាយ និងផ្លូវសម្តី។
          2. កុសលស្សូបសម្បទា      ឱ្យញ៉ាំងកុសលឱ្យដល់ព្រម គឺឱ្យប្រកបសុចរិត (ប្រព្រឹត្ដល្អ) ដោយកាយ វាចា ចិត្ដ ។ ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អ ឲ្យស្ថិតស្ថេរគង់វង្សក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងផ្លូវកាយ និងផ្លូវសម្តី ។
            3. សចិត្ដបរិយោទបនំ         ឱ្យចម្រះចិត្ដរបស់ខ្លួនឱ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ដ មានលោភៈ ទោសៈ មោហៈ ជាដើម ។
        ពង្រឹងចិត្តដែលជាមូលដ្ឋាន នៃអំពើដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវ:អាក្រក់ស្ថិតនៅ ។
III-លក្ខណ:របស់ព្រះពុទ្ធសាសនិកជន៖
1. លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់ ។
2. លក្ខខណ្ឌទី២៖ មិនប្រើអំពើហឹង្សាក្នុងការរស់នៅ ។
3. លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀន និងតិះដៀលអ្នកដទៃ ។
4. លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ ។
5. លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងឡាយដោយសន្សំសំចៃ និងស្គាល់ប្រមាណ
6. លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់ ។
7. លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ។
VI-មេរៀនពីបុណ្យមាឃបូជា ថ្ងៃនេះជាថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ប្រកាស់គោលការណ៍ទាំង១១ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស៖
1. ចំណុច១: ក្នុងឋាន:ជាបរស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។
2. ចំណុច២: ក្នុងឋាន:ជាពលរដ្ឋក្នុងសង្គម ការមានគោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តភាព ។
3. ចំណុច៣: ក្នុងឋាន:ជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាមស្វែងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍន៍ដល់ប្រទេសជាតិតែឯងនោះ ការគោរពតាមគោលការណ៍ទាំង១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថេរភាព ជម្លោះ និងអំពើហឹង្សា ដែលកើតមកពីការប្រកួតប្រជែងគ្នាបាន ។
4. ចំណុច៤: ក្នុងឋាន:ជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ ការផ្តល់កិត្តិយសដល់គ្នានិងគ្នា ការរស់នៅជុំគ្នាក្នុងឋាន:ជាមនុស្សជាតិបាន បើទោះជាមានសាសនាខុសៗគ្នាក៏ដោយ ។
5. ចំណុច៥: ក្នុងឋាន:ជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូររអង្វែងបាន ដោយមិនបាច់ព្រួយបារម្មណ៍ក្នុងការដណ្តើមគ្នាដើម្បីរស់ឡើយ ។ សង្ឃឹមថាយើងម្នាក់ៗអាចទាញយកប្រយោជន៍បានយ៉ាងច្រើន ពីថ្ងៃបុណ្យមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល ធ្វើសមាធិ និងវិបស្សនាសម្អាតចិត្តរបស់ខ្លួនក្នុងថ្ងៃមាឃបូជា ក៏ដូចជាថ្ងៃធម្មតា ថ្ងៃធម្មតាក៏ដូចជាថ្ងៃបុណ្យមាឃបូជាដែរ ដើម្បីបូជា និងរំលឹកគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានប្រកាស ព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ាដល់ពួកយើងទាំងអស់គ្នា៕

សូមជំរាបជូនដំណឹងថា​ បងប្អូនញាតិមិត្ត​ មិត្តភាក់​ អាចចូលទៅមើលវីដេអូក្នុង៖
១‑ផេកមណ្ឌលវិបស្សនាធុរ: ព្រំដែនក្អមសំណ​ វាយពាក្យថា #មណ្ឌលវិបស្សនាធុរៈព្រំដែនក្អមសំណរក្រោម ដោយគ្រាន់ចុចលើពាក្យ"YouTube" លោកអ្នកនឹងឃើញវីដេអូជាច្រើន
២‑ផេកកម្មវិធីអប់រំចិត្តបែបវិបស្សនា វាយពាក្យថា “កម្មវិធីអប់រំចិត្តបែបវិបស្សនា ឬ https://www.vipassanakamathan ដោយគ្រាន់ចុចលើពាក្យ"YouTube" លោកអ្នកនឹងឃើញវីដេអូជាច្រើន
៣‑ចូលទៅកាន់យូធូប វាយពាក្យថា vipassana dhammask2
៤‑ចូលទៅកាន់ប្លុកស្បត់វាយពាក្យថា https://meditation-of-mine.blogspot.com/ 


អនុមោទនាបុណ្យមាឃបូជា អនុមោទនាបុណ្យមាឃបូជា Reviewed by www.vipassana dharmsk2.com on 5:54 AM Rating: 5
Powered by Blogger.