ប្រវត្តិសង្ខេប នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ



ប្រវត្តិសង្ខេប នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ហេតុអ្វីចាំបាច់មានពិធីបុណ្យចូលឆ្នាំថ្មី? ហើយពិធីបុណ្យចូលឆ្នាំខ្មែរមានកំណើរពីណា ពេលណា មានអ្វីខ្លះ និងដើម្បីអ្វី? ក្នុងនាមជាកុលបុត្រខ្មែរ តើយើងត្រូវធ្វើអ្វីខ្លះចំពោះពិធីចូលឆ្នាំខ្មែរនេះ?

ពិធីបុណ្យចូលឆ្នាំខ្មែរ ៖ ជាតិសាសន៍ណាក៏ដោយ តែងមានប្រវត្តិ និងប្រពៃណីរបស់ប្រទេសជាតិខ្លួននីមួយៗ ទៅតាមជាតិសាសន៍ និងតំបន់ ពិសេសការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយពួកគេតែងតែប្រារព្ធធ្វើឡើងទៅតាមតំបន់ទឹកដី និងជំនឿសាសនារបស់គេប៉ុណ្ណោះ។ សម្រាប់ប្រជាជាតិខ្មែរវិញ ប្រវត្តិនៃធ្វើបុណ្យចូលឆ្នាំថ្មី មានតាំងពីបុរាណកាលមក ហើយប្រជាពរដ្ឋខ្មែរ ក៏បានរៀបចំកម្មវិធីចូលឆ្នាំនេះជារៀងរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំមួយរបស់ខ្មែរ ហើយមានម្តងគត់ ក្នុងរយៈពេលមួយឆ្នាំពេញ។
ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ ៖ នៅដើមនៃភទ្ទកប្បមានសេដ្ឋីម្នាក់ មានបុត្រាឈ្មោះធម្មបាលកុមារម្នាក់ អាយុទើបតែប្រាំពីរឆ្នាំ តែមានចំណេះវិជ្ជាដ៏វិសេស និងចេះចាំចប់នូវគម្ពីរត្រីវេទ។ ធម្មបាលកុមារ ត្រូវបានសេដ្ឋីជាបីតារបស់ខ្លួន សង់ប្រាសាទមួយនាមាត់ទន្លេរ ក្រោមដើមជ្រៃមួយដ៏ធំ ដែលជាទីស្នាក់អាស្រ័យនៃបក្សីទាំងឡាយ។ ធម្មបាលកុមារ ក្រៅពីវិជ្ជាដ៏ពិសេសខាងលើហើយ មានជំនាញជាច្រើនទៀតដូចជា អាចនិយាយ និងស្តាប់គ្រប់ភាសាសត្វ និងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សគ្រប់រូបផង។
កាលគ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម មួយអង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ហើយកបិលមហាព្រហ្ម បានជ្រាបព័ត៌មាន ពីធម្មបាលកុមារ ក៏ចុះមកសួរបញ្ហានូវចំណោទបីប្រការ ដល់ធម្មបាលកុមារ ហើយបានដាក់ការសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើសិនធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួចទេ កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ចំពោះប្រស្នានេះ ធម្មបាលកុមារសុំឲ្យពន្យារពេលប្រាំពីថ្ងៃដើម្បីរកចម្លើយ។
លុះកន្លងទៅប្រាំមួយថ្ងៃហើយ ធម្មបាលកុមារនៅតែរកចម្លើយមិនឃើញ និងបានដឹងខ្លួនថា ព្រឹកស្អែកនឹងត្រូវស្លាប់ដោយអាជ្ញា កុបិលមហាព្រហ្មជាប្រាកដ ដូច្នោះហើយធម្មបាលកុមារបានសម្រេចចិត្តរត់ទៅលាក់ខ្លួនពួនអាត្មា។ ធម្មបាលកុមារ បានរត់ទៅឆ្ងាយពីភូមិ ហើយអស់កម្លាំង និងដល់ពេលល្ងាចល្មមត្រូវឈប់សំរាកផង ក៏បានចូលទៅសម្រាកនៅក្រោមដើមត្នោតមួយគូដែលជាសម្បុករបស់សត្វឥន្ទ្រីញី ឈ្មោលមួយគូ។
នាវេលាយប់នោះសត្វឥន្ទ្រីញី បានសួរទៅឥន្ទ្រីឈ្មោលថា «តើព្រឹកស្អែកនេះ យើងនឹងបានអាហារពីណាស៊ី?» ឥន្ទ្រី ឈ្មោលបានឆ្លើយថា «យើងនឹងស៊ីសាច់ធម្មបាលកុមារ» ដែលនឹងត្រូវកុបិលមហាព្រហ្មសម្លាប់ពីព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរបន្តថា «ប្រស្នានោះដូចម្តេចខ្លះទៅ?»។ ឥន្ទ្រីឈ្មោល បាននិយាយរៀបរាប់ថា ប្រស្នាទីមួយនៅវេលាព្រឹក តើសិរីសួស្តីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា «ស្ថិតនៅត្រង់មុខ»  ព្រោះមនុស្សទាំងឡាយត្រូវយកទឹកលប់មុខនៅពេលភ្ញាក់ពីដំណេកនាព្រឹកព្រលឹម។ ប្រស្នាទីពីរ សួរថា «នៅវេលាថ្ងៃត្រង់ តើសិរីសួស្តីស្ថិតនៅត្រង់ណា?» ត្រូវឆ្លើយថា «ស្ថិតនៅត្រង់ដើមទ្រូង» ព្រោះមនុស្សត្រូវយកទឹកមកលប់លាងដើមទ្រូងនាវេលាថ្ងៃត្រង់ ដែលអាកាសធាតុកំពុងក្តៅ។ ប្រស្នាទីបីសួរថា «នៅវេលាយប់ តើសិរីសួស្តីស្ថិតនៅត្រង់ណា?» ។ ត្រូវឆ្លើយថា «នៅត្រង់ជើង» ព្រោះមនុស្សទាំងឡាយត្រូវយកទឹកលាងសំអាតជើងមុនពេល ចូលសម្រាកនិន្ទ្រានារាត្រីកាល(ពេលយប់)។
ធម្មបាលកុមារបានឮដូច្នោះហើយមានចិត្តត្រេកអរណាស់ ហើយក៏ត្រឡប់ទៅប្រាសាទវិញ លុះព្រឹកឡើងកុបិលមហាព្រហ្មក៏បានមកសួរប្រស្នា  ធម្មបាលកុមារបានឆ្លើយដោះស្រាយតាមពាក្យដែលសត្វឥន្ទ្រីបានឆ្លើយឆ្លងគ្នា។ មុនកាត់ព្រះកេស កុបិលមហាព្រហ្ម បានហៅទេពធីតាទាំងប្រាំពីរអង្គ ដែលជាបុត្រីមកប្រាប់ថា «ឥឡូវបិតាត្រូវកាត់ក្បាល បូជាធម្មបាលកុមារ ប៉ុន្តែប្រសិនបើដាក់ក្បាលនោះនៅលើផែនដីនឹងកើតជាភ្លើងឆេះទាំងលោកធាតុ។  បើបោះទៅលើអាកាសភ្លៀងនឹងរាំង បើចោលក្នុងមហាសមុទ្រ ទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះចូរកូនទាំងប្រាំពីរអង្គ យកពានមកទទួលក្បាល»។ និយាយចប់  កុបិលមហាព្រហ្មក៏កាត់ក្បាលរបស់ខ្លួនហុចទៅឲ្យព្រះនាង ទុង្សាទេវី ជាបុត្រច្បង។ ព្រះនាង ទុង្សាទេវីជាបុត្រច្បង។ ព្រះនាង ទុង្សាទេវី បានយកពានទៅទទួលព្រះកេសបិតា ដើរហែប្រទក្សិណភ្នំព្រះសុមេរុ  និង ទៅប្រតិស្ថានទុកក្នុងគុហាគន្ធមាលីភ្នំកៃលាស ដោយបូជាគ្រឿងទិព្វផ្សេងៗ។
ព្រះវិស្សកម្មទេវបុត្រក៏និមិត្តរោងទិព្វដោយកែវប្រាំពីរប្រការ ឈ្មោះថា «ភគវតីសភា» ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់មួយឆ្នាំ ជាសង្ក្រាន្ត ហើយព្រះនាងទេពធិតាទាំងប្រាំពីរអង្គ ត្រូវផ្លាស់វេនគ្នាមកអញ្ជើញព្រះកេសកុបិលមហាព្រហ្ម ចេញហែប្រទក្សិណភ្នំព្រះសុមេរុ រៀងរាល់ឆ្នាំ ទើបត្រឡប់ទៅស្ថានទេវលោកវិញ។ ព្រះនាងទាំងប្រាំពីរនោះត្រូវផ្តើមចេញពីព្រះនាងច្បង និងបន្តបន្ទាប់រហូតដល់ព្រះនាងពៅ ដោយកំណត់យក សង្ក្រានត្រូវនឹងថ្ងៃអាទិត្យ គឺវេននាងច្បងទស្សាទេវី សៀតផ្កាទទឹម បើសង្ក្រានត្រូវនឹងថ្ងៃច័ន្ទ គឺ វេននាងគោរាគៈទេវី សៀតផ្កាអង្គាបុស្ស បើសង្ក្រានត្រូវនឹងថ្ងៃអង្គារ គឺ វេននាងរាក្យសាទេវី សៀតផ្កាឈូក បើសង្ក្រានត្រូវនឹងថ្ងៃពុធ គឺ វេននាងមណ្ឌាទេវី សៀតផ្កាចម្ប៉ា បើសង្ក្រានត្រូវនឹងថ្ងៃព្រហស្បត៍ គឺ វេននាងកិរិណីទេវី សៀតផ្កាមណ្ឌា បើសង្ក្រានត្រូវនឹងថ្ងៃសុក្រ គឺ វេននាងកិមិរាទេវី សៀតផ្កាចង្កុលនី បើសង្ក្រានត្រូវនឹងថ្ងៃសៅរ៍ គី វេននាងមហោទរាទេវី សៀតផ្កាត្រកៀត ។ វេននេះ គឺ ព្រះនាងទាំងប្រាំពីរត្រូវហែរព្រះកេសបិតា ប្រទក្សិណភ្នំព្រះសុមេរុ  ហើយទៅប្រតិស្ថានទុកក្នុងគុហាគន្ធមាលីភ្នំកៃលាស។ http://swiftnewsdaily.com/archives/33538

ប្រវត្តិសង្ខេប នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រវត្តិសង្ខេប នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Reviewed by www.vipassana dharmsk2.com on 8:13 AM Rating: 5
Powered by Blogger.