សុភាសិតខ្ញុំ
១. ជីវិតចៀសមិនផុតពីសេចក្តីស្លាប់នោះទេ
រស់នៅត្រូវធ្វើល្អឲ្យបានច្រើនកុំបៀតបៀនគ្នា
បាវចនា របស់មនុស្ស គឺចិត្តល្អ ទង្វើល្អ
សម្តីល្អ។
២. បណ្តាំៈ
ត្រូវចាំទុក បើរស់មិនទាន់ស្លាប់ ត្រូវចាំទុក សាងអំពើបុណ្យ។
៣. ស៊ូស្លាប់កាយ តែកុំឲ្យស្លាប់គំនិត តម្លៃជីវិតពិតស្ថិតលើគុណធម៌
មិនមែនស្ថិតលើទ្រព្យយសឡើយ។
៤. ចិត្តបាបនាំកើតទុក្ខក្តៅក្រហាយ
ចិត្តបុណ្យនាំមកសេចក្តីសុខចម្រើន
បាបនាំផ្លូវទុក្ខ បុណ្យនាំផ្លូវសុខ។
៥. កើតចាស់ ឈឺ ស្លាប់ ជាសម្បតិ្តមនុស្ស
សត្វគ្រប់គ្នាមានតែធម្មាជាមាគ៌ានាំមកសុខ។
៦. ប្រើចំណេះឲ្យត្រូវតាមជំនាញ ទើបកើតមានសេចក្តីចម្រើន។
៧. ចិត្តគិត កាយប្រព្រឹត្ត វាចាត្រឹមត្រូវ បញ្ញានាំផ្លូវទៅរកសេចក្តីសុខ។
៨. ព្រះពុទ្ធជាទីពឹងនៃសត្វលោក កសាងល្អ
ជាបុណ្យមានជោគ ដើម្បីលះបង់បាប។
៩. បុគ្គលមានព្យាយាម ជាជំហាននៃជោគជ័យ។
១០.កិច្ចការងារជាជីវិត
ព្យាយាមគឺជាកិច្ច ជោគជ័យជាលទ្ធផល។
១១.សេចក្តីស្រឡាញ់
គឺជាធម្មជាតិរបស់មនុស្សសត្វ។
១២.អាហារសម្រាប់ចិញ្ចឹមរូបកាយ
ព្រះធម៌ទាំងឡាយសម្រាប់ផ្លូវចិត្ត
បើចង់សុខកាយ ហើយសុខនូវចិត្ត
ត្រូវខំប្រព្រឹត្ត សីល សមាធិ បញ្ញា។
១៣.កំហុសគ្រប់យ៉ាងកើតមានព្រោះអវិជ្ជា។
១៤.ជីវិតរស់នៅ ត្រូវចាំពាក្យពីរឃ្លា
‑មានការព្យាយាម
‑ព្រមទាំងការអត់ធន់។
១៥.ជីវិតមនុស្សគ្រប់គ្នា
រស់នៅក្នុងភ្លើងទុក្ខ ជាតិទុក្ខ ជរាទុក្ខ
ព្យាធិទុក្ខ មរណទុក្ខ ប្រព្រឹត្តតាមកម្ម ជីវិតមានតិចកុំភ្លេចបុណ្យ
ចិត្តល្អ ទង្វើល្អ សម្តីល្អ
ជាគុណធម៌នៃមនុស្សគ្រប់គ្នា។
១៦.ទោះជាខ្ញុំក្រទ្រព្យ
តែខ្ញុំមិនក្រទេចិត្ត ប្រកបរបរសុចរិត
ប្រសើរជាងអ្នកមាន ដោយធ្វើអំពើទុច្ចរិត
មានចិត្តគំនិតអាក្រក់។
១៧.មិត្តភាពជារឿងសំខាន់
ការមិនប្រកាន់មាំនាំមកនូវការរាប់អាន
គ្នាយូរ។
១៨.ព្រះពុទ្ធសម្តែងធម៌នាំបរិស័ទ
ឲ្យចេះប្រព្រឹត្តនូវសេចក្តីល្អ។
១៩.ធ្វើជាមនុស្ស
ត្រូវមានចិត្តមេត្តា។
២០.អលង្ការរបស់អ្នកប្រាជ្ញាគឺខន្តី
អលង្ការរបស់ស្ត្រីគឺចរិយា
អលង្ការរបស់បុរសគឺវិជ្ជា។
២១.ថ្ងៃយប់ចេះតែកន្លងទៅ
ជីវិតក្មេងក៏កន្លងទៅ
គ្រប់រូបចាស់ឈឺគ្រាំគ្រា ជីវិតចុងក្រោយគ្មានអ្វីទេ
ត្រូវស្លាប់គ្រប់គ្នាជាសច្ចៈ
សាងល្អអាក្រក់ជាប់នូវចិត្ត
ចុតិឃ្លាតពិតបដិសន្ធិកើត សាងល្អកើតកំណើតល្អ
សាងអាក្រក់កើតអាក្រក់។
២២.ដ្បិតមនុស្សឥឡូវ
យល់ខុសថាត្រូវ យល់ខ្លៅថាបណ្ឌិត
មិនព្រមរក្សាសីល មិនខំប្រតិបត្តិនូវធម៌
មិនស្គាល់ល្អអាក្រក់
មិនស្គាល់តម្លៃនៃជីវិត ស្ថិតលើមានគុណធម៌។
២៣.យើងខ្មែរ
ទឹកចិត្តកូនខ្មែរ
ត្រូវមានមេត្តា ចេះស្រឡាញ់ជាតិ
ស្រឡាញ់សាសនា ខ្មែរត្រូវស្រឡាញ់ខ្មែរ
ខ្មែរត្រូវចេះជួយខ្មែរ
ទើបជាតិខ្មែរមិនប្រែ បានស្ថិតស្ថេរគង់វង្ស។
២៤.អ្វីដែលមនុស្ស
ចង់បានគឺសេចក្តីសុខ
អ្វីដែលមនុស្ស ត្រូវការលើសពីសេចក្តីសុខ
គឺរស់នៅដោយសេរីភាព។
២៥.រឿងដែលអ្នកត្រូវចាំ
អ្នកត្រូវធ្វើជាមនុស្សល្អ។
២៦.រដ្ឋាភិបាលគួរបង្កើតការងារក្នុងស្រុក
ឲ្យបានច្រើនសម្រាប់ ប្រជាពលរដ្ឋខ្លួន
មានប្រាក់ខែសមរម្យ
ប្រសើរជាងការដើរ
ចែកអំណោយឲ្យ
ប្រជាពលរដ្ឋខ្លួន។
២៧.ការរៀនបណ្តុះនូវគំនិត
ការគិតបណ្តុះនូវបញ្ញា។
២៨.មនុស្សខ្លះចូលចិត្តនិយាយអំពីទោស
កំហុសអ្នកដទៃ
ហើយព្យាយាមបិទ
បាំងនូវទោសកំហុសរបស់ខ្លួនឯង។
២៩.មាគ៌ាព្រះពុទ្ធ
នាំសត្វផុតទុក្ខ នាំមកសេចក្តីសុខ ដល់អ្នកប្រតិបត្តិ
បើចង់បានល្អ កុំប្រព្រឹត្តអាក្រក់ សាងល្អបានសុខ
នាំមកចម្រើន។
៣០.ចិត្តមនុស្សប្រាថ្នាចង់បានសុខគ្រប់គ្នា
តែមនុស្សមិនចេះសាងល្អគ្រប់គ្នាទេ។
៣១.សប្បាយក្នុងអបាយមុខ
នាំមកក្តីទុក្ខនិងការវិនាស។
៣២.មុននឹងសម្លឹងមើលទោស
កំហុសរបស់អ្នកដទៃ
ត្រូវសម្លឹងមើលទោស កំហុសរបស់ខ្លួនឯងមុន។
៣៣.គិតអាក្រក់
កើតគំនិតបាប សន្សំចិត្តព្យាបាទ កើតហឹង្សា
គិតល្អ កើតគំនិតស្រស់ថ្លា សន្សំចិត្តល្អ
កើតធម៌មេត្តា។
៣៤.មិត្តល្អកម្ររក
មិត្តភាពគ្នាយល់ចិត្តគ្នា ចេះជួយគ្នា សន្ដោសគ្នា។
៣៥.សន្សំចិត្តបុណ្យ
លះបង់ចិត្តបាប។
៣៦.កុំប្រញាប់ពេកៈ
បើឃើញគេរត់ កុំចេះតែដេញ បើគេឲ្យចេញ
កុំប្រញាប់និយាយ សត្រូវមកជិតកុំប្រញាប់ភ័យស្លើត
កុំប្រញាប់ជឿពាក្យគេនិយាយ។ គេប្រើកុំចេះតែទៅផ្តេសផ្តាស
កុំអាងតែគេហៅចេះតែចូល កុំអាងតែគេឲ្យចេះតែយក
ឮគេសម្លុតកុំចេះតែថយ។
៣៧.ជាតិនិងសាសនា
ប្រជាខេមរា ត្រូវតែរក្សា ទើបបានគង់វង្ស។
៣៨.សុភាសិតក្នុងលោកនីតិប្បករណ៍ៈ
ការងារទាំងឡាយ
សម្រេចដោយការព្យាយាម
មិនមែនបានភ្លាមតាមចិត្តគិត បើដេកព្រងើយផ្សងបុណ្យពិត
ដល់ក្ស័យជីវិតក៏ឥតសុខ សត្វម្រឹកមានពាសពេញព្រៃ
តែសត្វរាជសីហ៍ដេកស្រមុក សត្វម្រឹកឯណានឹងបោលសម្រុក
បញ្ចុកក្នុងមាត់ឲ្យខ្លួនស៊ី។
៣៩.ពុទ្ធសុភាសិតៈ
ឧដ្ឋាតា វិន្ទតេ ធនំ
អ្នកមានព្យាយាមរមែងបាននូវទ្រព្យ។
ធម្មតាមនុស្សដែលមានជាតិជាបុរស
ត្រូវព្យាយាមត្រាតែបាន
សម្រេចប្រយោជន៍ ប្រយោជន៍ដែលនឹងសម្រេច
ទៅបានមិនមាន
អ្វីក្រៃលែងជាងសេចក្តីអត់ទ្រាំឡើយ។
៤០.ការសេពគប់ៈ
សេពគប់ជនសប្បុរស
នាំមកនូវសេចក្តីសុខ នាំមកការយល់
ឃើញត្រូវ។ សេពគប់ជនពាលរមែង
នាំមកនូវភាពក្តៅក្រហាយ
នាំមកនូវការយល់ឃើញខុស។
៤១.បើស្រវឹងសូមកុំបើកបរ
បើយកល្អកុំផឹកគ្រឿងស្រវឹង។
៤២.មនុស្សមានខន្ធប្រាំដូចៗគ្នា តែការគិតរបស់មនុស្សមិនដូចគ្នាឡើយ
៤៣.ធ្វើជាមនុស្សត្រូវចេះគិត
ប្រើគំនិតត្រិះរិះពិចារណា
បើមិនជួយអ្វីដល់អ្នកណា សូមកុំបង្កអន្តរាយដល់គេ។
៤៤.ឪពុកម្ដាយជាច្រើន
តែងគិតដល់កូន ប្រុសកូនស្រីលុះ
ថ្ងៃជីវិតគាត់សូន្យ។ តែកូនៗទាំងឡាយ
ពេលធំដឹងក្ដីហើយ
ខ្លះភ្លេចឪពុកម្ដាយ គិតតែការសប្បាយ
កូនខ្លះបង្កអន្តរាយ
ឲ្យឪពុកម្ដាយខ្លួនទៀត។
៤៥.រៀនឲ្យមានបញ្ញា
រៀនអត់ រៀនឱន រៀនអាន រៀនបាន
រៀនបង់ រៀនកុំល្ងង់ រៀនឲ្យចេះ
រៀនប្រើចំណេះ
ឲ្យមានប្រយោជន៍។
៤៦.ធ្វើជាមនុស្សកុំគំនិតជ្រុលនិយមពេក
ហើយកុំមានចិត្តលោភលន់ជ្រុលពេក
បើគំនិតប្រកាន់ជ្រុលលោភលន់ជ្រុល
អ្នកប្រាកដជាបាត់បង់ភាវជាមនុស្ស។
៤៧.សុខព្រោះសាមគ្គី
កូនចៅបានសុខ ដ្បិតឪពុកម្ដាយ
ប្ដីប្រពន្ធបានសុខ
ដ្បិតស្មោះនិងគ្នា ពលរដ្ឋបានសុខ ដ្បិតរដ្ឋអំណាច
មនុស្សខ្លៅអាង កាចប្រើហិង្សា បណ្ឌិតអាងធម៌
ចិត្តផ្សាយមេត្តា ប្រជាខេមរា
អាងលើធម៌សាមគ្គី។
៤៨.ល្អកាយ
ល្អវាចា ល្អចិត្ត ល្អពិតស្ថិត
លើការប្រព្រឹត្ត របស់មនុស្សគ្រប់គ្នា។
៤៩.គោរពព្រះពុទ្ធ
គឺគោរពក្នុងចិត្ត ហើយខំប្រព្រឹត្តល្អតាមពុទ្ធឱវាទ។
៥០.សេចក្ដីល្អ
គឺជាពូជនាំមកនូវសេចក្ដីសុខ ទាំងបច្ចុប្បន្ន
និងបរលោកនាយជាប្រាកដ។
សុភាសិតខ្ញុំ
Reviewed by www.vipassana dharmsk2.com
on
5:18 AM
Rating: