ប្រវត្តិព្រះពុទ្ធឃោសាចារ្យ


ប្រវត្តិព្រះពុទ្ធឃោសាចារ្យ
        ព្រះពុទ្ធឃោសាចារ្យក្នុងសំណាក់មហាវិហារ ក្នុងពុទ្ធសតវត្សរ៍ទី ១០ រវាងពុទ្ធសករាជ ៩០១-១០០០ មានកុលបុត្រ មួយរូប មានឈ្មោះមិនប្រាកដ បានកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងមោរណ្ឌគ្រាម នាឥណ្ឌាខាងត្បូង។ កុលបុត្រនោះ បានរៀនចប់គម្ពីរត្រៃវេទ និងក្បួនសិល្បសាស្ត្រវិជ្ជាជាច្រើន ជាបារគូ។ ក្រោយពីបានស្តាប់ព្រះធម៌ក្នុងព្រះពុទ្ធសាសនា ជាអ្នកមានបំណងសិក្សានូវព្រះធម៌ ក៏បានបព្វជ្ជានិង ឧបសម្បទា ក្នុងសំណាក់នៃព្រះភិក្ខុទាំងឡាយ មានព្រះរេវតត្ថេរជាប្រធាន ក្នុងសំណាក់មហាវិហារ ក្នុងវត្តថេរវាទមួយ ហើយបានសិក្សានូវគម្ពីរព្រះត្រៃបិដក។ កាលកំពុងរៀនយកគម្ពីរព្រះត្រៃបិដកនោះ ជាអ្នកអាចដឹងច្បាស់នូវអត្ថនៃបទថា អយំ ឯកាយនមគ្គោ ទស្សនវិសុទ្ធិយា និព្វានសច្ឆិកិរិយាយ។ អាចារ្យនិងឧបជ្ឈាយ៍ដឹងហើយនូវការដល់ព្រមនៃបញ្ញដ៏វិសេសរបស់លោក។ កុលបុត្រនេះ នឹងមានកិត្តិស័ព្ទល្បីរន្ទឺទៅ ដូចជាព្រះពុទ្ធក្នុងព្រះពុទ្ធសាសនានេះ ទើបកំណត់ឈ្មោះដល់លោកថា ព្រះពុទ្ធឃោសៈ។ ព្រះពុទ្ធឃោសៈបានរៀនគម្ពីរព្រះត្រៃបិដកក្នុងទីទាំងឡាយមានកំពង់មយូរទូតបដ្តនៈ ដែលនៅជិត មទរសនគរ នៅក្នុងកញ្ចិបុរៈជាដើម ហើយរៀនយកគម្ពីរអន្ធកដ្ឋកថា។ កាលរៀនសូធ្យមិនមានគម្ពីរឯកសារគ្រប់គ្រាន់ ក៏និមន្តទៅកាន់កោះស្រីលង្កា ដើម្បីបកប្រែអដ្ឋកថា ដែលនៅជាភាសាសីហឡៈ មកកាន់ភាសាបាលីវិញ។ ក្នុងកាលណោះ ព្រះរាជានាមថា មហានាម ជាស្តេចសោយរាជ្យក្នុងកោះស្រីលង្កា។ តែព្រះរាជាអង្គនេះ ជ្រះថ្លានឹងនិកាយអភយគិរីជាពិសេស។ ព្រះពុទ្ធឃោសៈនិមន្តមកដល់កោះស្រីលង្កា ក្នុង ព.ស.៩៦៥ ហើយនិមន្តទៅនៅក្នុងសំណាក់មហាវិហារ ដែលជានិកាយថេរវាទដូចគ្នា។ ពេលនោះ ព្រះពុទ្ធឃោសៈបានសិក្សាចប់នូវសីហឡដ្ឋកថាទាំង ៣ ប្រភេទ គឺគម្ពីរមហាអដ្ឋកថា ១ គម្ពីរមហាបច្ចរី ១ គម្ពីរកុរុន្ទី ១ ក្នុងសំណាក់ព្រះមហាថេរនាមថា ពុទ្ធមិត្តៈ និងព្រះថេរៈជាច្រើនអង្គទៀត។ ព្រះថេរៈទាំងឡាយមានព្រះសង្ឃបាលជាដើម បានឃើញនូវគុណសម្បត្តិរបស់លោក គឺ ជាអ្នកមានបញ្ញារវាសរវៃ មានញាណរហ័ស ដល់ព្រមដោយសម្បត្តពិសេស ប្រកបដោយសទ្ធា ពុទ្ធិ វីរិយៈដ៏បរិសុទ្ធិក្រៃលែង ប្រាកដច្បាស់ដោយសមុទយគុណ មានសីល អាចារៈ អជ្ជវៈ មទ្ទវៈជាដើម ជាអ្នកអាចក្នុងការចាប់យកសេចក្តីវិនិច្ឆ័យ ដែលស្មុគស្មាញ ទាំងលទ្ធិរបស់ខ្លួន ទាំងក្នុងលទ្ធិរបស់បុគ្គលដទៃ ប្រកបដោយសេចក្តីជាក់ច្បាស់នៃបញ្ញា មានអំណាចនៃញាណ ដែលមិនជាប់ជំពាក់ទើសទាក់ក្នុងសត្ថុសាសនៈ ផ្សេងដោយព្រះបរិយត្តិគឺព្រះត្រៃបិដក និងអដ្ឋកថា ជាអ្នកចេះវេយ្យាករណ៍ ដ៏ស្ទាត់ជំនាញ ប្រកបដោយសេចក្តីល្អនៃពាក្យពេចន៍យ៉ាងពីរោះក្រអួន ដែលគួរដល់ព្រមដោយការបញ្ចេញសំឡេង ធ្វើសូរស័ព្ទសំឡេងចេញមក បានយ៉ាងងាយស្រួល ទើបសូមស្នើឲ្យលោកជួយបរិវត្តនូវគម្ពីរអដ្ឋកថា ដែលនៅជាភាសាសីហឡៈមកជាភាសាបាលី ឬហៅថា មគធភាសា។ ព្រះពុទ្ធឃោសៈគង់នៅក្នុងប្រាសាទបធានឃរៈ ក្នុងផ្នែកខាងត្បូងនៃវត្តមហាវិហារ បានចាប់ចារគម្ពីរវិសុទ្ធមគ្គ ដោយផ្តើមគាថាយ៉ាងនេះ ជាអាទិ៍
        សុទុល្លភំ លភិត្វាន បព្វជ្ជំ ជិនសាសនេ សីលាទិសង្គហំ ខេមំ ឧជុំ មគ្គំ វិសុទ្ធិយា។
        ព្រះពុទ្ធឃោសៈបានរចនាគម្ពីរវិសុទ្ធិមគ្គចែកចេញជា ៣ និទ្ទេស មានសីលនិទ្ទេស សមាធនិទ្ទេស បញ្ញានិទ្ទេស សរុបទាំងអស់ជាបាលី ៥៩ ភាណវារៈ១។ បន្ទាប់មកព្រះពុទ្ធឃោសាចារ្យបានចាប់ផ្តើមបរិវត្តនូវគម្ពីរ អដ្ឋកថាជាភាសាសីហឡៈ មកកាន់តន្តិភាសា គឺភាសាបាលីវិញ។ ព្រះនាមរបស់លោកក៏ចាប់ផ្តើមហៅថា ព្រះពុទ្ធឃោសាចារ្យ។ ចំណែកគម្ពីរ ដែលព្រះពុទ្ធឃោសាចារ្យបានបរិវត្តពីភាសាសីហឡៈ មកជាភាសាមគធៈមាន៖
        ១-វិសុទ្ធិមគ្គ អធិប្បាយព្រះត្រៃបិដកដោយសង្ខេប
        ២-សមន្តប្បាសាទិកាកែព្រះវិនយបិដក
        ៣-កង្ខាវិតរណី កែបាតិមោក្ខ
        ៤-សុមង្គលវិលាសិនី កែព្រះសុត្តន្តបិដក ទីឃនិកាយ
        ៥-បបញ្ចសូទនី កែព្រះសុត្តន្តបិដក មជ្ឈិមនិកាយ
        ៦-សារត្ថប្បកាសិនី កែព្រះសុត្តន្តបិដក សំយុត្តនិកាយ
        ៧-មនោរថបូរណី កែព្រះសុត្តន្តបិដក អង្គុត្តរនិកាយ
        ៨-ធម្មបទអដ្ឋកថា កែព្រះសុត្តន្តបិដក ធម្មបទ
        ៩-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដក ខុទ្ទកបាឋៈ
        ១០-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដកសុត្តនិបាត
        ១១-ជាតកអដ្ឋកថា កែព្រះសុត្តន្តបិដក ជាតក
        ១២-អដ្ឋសាលិនី កែព្រះអភិធម្មបិដក ធម្មសង្គណី
        ១៣-សម្មោហវិនោទនី កែព្រះអភិធម្មបិដក វិភង្គ
        ១៤-បញ្ចប្បករណ៍ ឈ្មោះ បរមត្ថទីបនី កែព្រះអភិធម្មបិដក ៥ បករណ៍ដ៏សេស
        ១៦-ញាណោទយៈ១ គម្ពីរដំបូងដែលលោកតែង (គម្ពីរញាណោទ័យ ដែលពោលទុកក្នុងគម្ពីរមហា
វង្ស បរិច្ឆេទទី ៣៧ គាថា ២២៥ ថា ជាការរចនារបស់ព្រះពុទ្ធឃោសាចារ្យនោះ ឥឡូវនេះសាបសូន្យបាត់ទៅហើយ។ តែសៀវភៅមហាវិសុតារាមសាសនវង្ស (ភាសាភូមាទំព័រ ៩) លោកតែងគឺព្រះកេលាសៈ ឃើញថា គម្ពីរញាណោទ័យ ក៏គឺគម្ពីរមិលិន្ទបញ្ហានោះឯង ដោយញាណោទ័យ ប្រែតាម ស័ព្ទថា គម្ពីរដែលចម្រើនបញ្ញាឲ្យក្រៃលែងឡើង។ ព្រះកេលាសៈអាងពាក្យនាំរបស់គម្ពីរ មិលិន្ទបញ្ហា ច្បាប់សីហឡៈ ដែលព្រះអានន្ទមេត្តេយ្យៈ អគ្គបណ្ឌិត អ្នកប្រាជ្ញលង្កា ជាអ្នកសរសេរថា គម្ពីរញាណោទ័យជាការរចនារបស់ព្រះពុទ្ធឃោសាចារ្យ ក៏គឺគម្ពីរមិលិន្ទបញ្ហា ហើយមានសេចក្តីក្នុងគម្ពីរមិលិន្ទបញ្ហាដីកា (ទំព័រ ៣៧១ ច្បាប់សីហឡៈ) ដែលតែងដោយព្រះតិបិដកចូឡាភយៈពោលថា ព្រះពុទ្ធឃោសាចារ្យ ជាអ្នកចារឹកពាក្យរបស់ព្រះ បាទមិលិន្ទ និងព្រះនាគសេន ដែលបានស្តាប់តៗគ្នាមក និងជាអ្នកសរសេរគាថាផ្តើមគម្ពីរ មិលិន្ទបញ្ហា ៥ បទ ដូចក្នុងគម្ពីរនោះថា ឥមា បញ្ច គាថា កេន កតាតិ ចោទនា ភទន្តពុទ្ធឃោសាចារិយេន កតាតិ បរិហារោន កេវលំ បញ្ច គាថាវ, ថេររាជវចនេបិ អញ្ញំ បុព្វបរវចនមប្បិ តេន វុត្តំ។ សួរថា នរណាតែងគាថា ៥ បទទាំងនេះ តបថា ព្រះពុទ្ធឃោសាចារ្យ ជាអ្នកតែងទុក។ មិនត្រឹមតែគាថា ៥ បទប៉ុណ្ណោះទេ សូម្បីពាក្យមុននិងពាក្យក្រោយដទៃ ក្នុងពាក្យព្រះថេរៈគឺព្រះនាគសេន និងព្រះរាជា គឺព្រះបាទមិលិន្ទ ក៏ជាពាក្យដែលព្រះពុទ្ធឃោសាចារ្យតែងទុកដែរ។)
        ១៧-បរិត្តអដ្ឋកថា ១ អធិប្បាយព្រះត្រៃបិដកច្បាប់សង្ខេប (បរិត្តអដ្ឋកថា ដែលពោលទុកក្នុងគម្ពីរមហាវង្ស បរិច្ឆេទទី ៣៧ គាថា ២២៦ គង់នឹងជាអដ្ឋកថាសង្ខេបរបស់ព្រះត្រៃបិដក ក៏គឺខុទ្ទកបាឋអដ្ឋកថានោះឯង។ ម្យ៉ាងទៀត ក្នុងសៀវភៅមហាវិសុតារាមសាសនវង្ស (ភាសាភូមា ទំព័រ ៧ ) ពោលថា ព្រះអានន្ទមេត្តេយ្យៈ បានធ្លាប់ពោលជាមួយអ្នកតែក្នុងខណៈទៅសិក្សាព្រះបរិយត្តិធម៌ក្នុងប្រទេសស្រីលង្កា ថា គម្ពីរបរិត្តអដ្ឋកថា ក៏គឺខុទ្ទកបាឋអដ្ឋកថា។ តែក្នុងសៀវភៅ The Pali Literature of Cylon (ទំព័រ ៨១) ពោលថា ជាអដ្ឋកថាសង្ខេបមួយច្បាប់ទៀត សេចក្តីយល់ឃើញនេះ មិនសមសោះ ព្រោះមិនមានអដ្ឋកថាសង្ខេបដែលប្រាកដក្នុងវណ្ណកម្មភាសាបាលី។) ក្នុងសៀវភៅមហាវិសុតារាមនិកាយសាសនវង្ស (ទំព័រ ៣២) ពោលដល់ការងារមួយច្បាប់ទៀតរបស់ព្រះពុទ្ធឃោសាចារ្យថា ៖ លោកនៅប្រព័ន្ធគម្ពីរកាព្យសំស្ក្រឹតឈ្មោះ បទ្យចូឌាមណិ គឺគាថា ដែលប្រៀបដូចកែវកំពូលមកុដ ដោយព្រះកេលាសៈបានអាងតម្រាប្រវត្តិ វណ្ណគតិសំស្ក្រឹតដែលសរសេរដោយភាសាសីហឡៈ និងពាក្យនាំភាសា សីហឡៈរបស់បទ្យចូឌាមណិបានបញ្ជាក់ថា តែងដោយព្រះពុទ្ធឃោសាចារ្យ គម្ពីរនេះពោលជារឿងពុទ្ធវង្ស ដោយផ្តើមតាំងតែការប្រសូតិរហូតដល់ការ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរបស់ព្រះសិទ្ធត្ថៈ ដោយបែងចែកជា ១០ កណ្ឌ មានឝោលក ៦៤០ ។ សេចក្តីរឿងរបស់គម្ពីរនេះ មិនដូចរឿង ពុទ្ធចរិតរបស់អឝ្វឃោសៈ និងលលិតវិសតរៈដែលតែងតាមសេចក្តីជឿរបស់មហាយាន។ តែគម្ពីរបទ្យចូឌាមណិនេះ តែងតាមសេចក្តីជឿរបស់ថេរវាទ ដោយបណ្តោយតាមសេចក្តីរបស់ព្រះត្រៃបិដកនិងអដ្ឋកថាទាំងអស់។ គម្ពីរនេះមានត្រឹមច្បាប់បោះពុម្ពដោយភាសាសីហឡៈចំនួន ៦៩ ទំព័រ។ ក្នុងពាក្យខាងចុងរបស់គ្រប់កណ្ឌមានខសេចក្តីបញ្ជាក់ដល់អ្នកតែង ដូចក្នុងកណ្ឌទី ១ មានសេចក្តីថា៖ ឥតិ ឝ្រីពុទ្ធឃោឞាចារ្យវិរចិតេ បទ្យចូឌាមណិនាម្និ មហាកាវ្យេ សិទ្ធារ្ថចរិតេ ប្រថមសរ្គៈ។ ចប់កណ្ឌទី ១ ក្នុងមហាកាព្យឈ្មោះបទ្យចូឌាមណិ ដែលសម្តែង សេចក្តីប្រព្រឹត្តរបស់ព្រះសិទ្ធាថ៌ ដែលព្រះពុទ្ធឃោសាចារ្យអ្នកទ្រទ្រង់សិរី បានរចនាទុក។ ក្នុងគម្ពីរមហាវង្ស បរិច្ឆេទទី ៣៧ គាថា ២៤៦ បញ្ជាក់ថា ៖ អថ កត្តព្វកិច្ចេសុ គហេតុ បរិនិដ្ឋិតិំ; វន្ទិតុំ សោ មហាពោធិំ ជម្ពុទីបមុបាគមិ។ ព្រះពុទ្ធឃោសាចារ្យបាននិមន្តត្រឡប់ទៅជម្ពូទ្វីប ដើម្បីនមស្ការនូវដើមមហាពោធិព្រឹក្ស និងលោកបាននិមន្តទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា ដោយបាននាំយកគម្ពីរដែលលោកបានចាររួចហើយទៅកាន់ស្រុកកំណើត ដើម្បីព្រះភិក្ខុសង្ឃដែលនៅឥណ្ឌាភាគត្បូង។ មិនមានឯកសារណាបញ្ជាក់ថា ព្រះពុទ្ធឃោសាចារ្យនិមន្តអស់ព្រះជន្មក្នុងកាលណា ក្នុងវត្តណាឡើយទេ តែលោកអាចអស់ព្រះជន្ម មិនក្រោយព្រះពុទ្ធសករាជ ១,០០០ ឡើយ ។

ប្រវត្តិព្រះពុទ្ធឃោសាចារ្យ ប្រវត្តិព្រះពុទ្ធឃោសាចារ្យ Reviewed by www.vipassana dharmsk2.com on 7:39 AM Rating: 5
Powered by Blogger.