កិច្ចខាងដើមនៃការរៀនយកនូវព្រះកម្មដ្ឋាន

កិច្ចខាងដើមនៃការរៀនយក
នូវព្រះកម្មដ្ឋាន
        សាធុជនទាំងឡាយក្នុងបច្ចុប្បន្នកាល ជាអ្នកជ្រះថ្លារៀនសូត្រប្រតិបត្តិធម៌ ក្នុងព្រះពុទ្ធសាសនា កាលចូលរៀនកម្មដ្ឋានក្នុងសំណាក់នៃគ្រូធម្មាចារ្យមាន សភាពផ្សេងៗគ្នា សាធុជនខ្លះជាភិក្ខុ‑សាមណេរ ឬជាឧបាសក‑ឧបាសិកា ជាអ្នក មានសីលរក្សាហើយក្នុងព្រះពុទ្ធសាសនា បានចូលទៅប្រតិបត្តិធម៌ក៏មាន។ សាធុជនខ្លះមានចិត្តជ្រះថ្លាឲ្យត្រឹមតែទាន មិនដែលធ្លាប់រក្សាសីលសោះ ពេលឮ ឬឃើញសាធុជនដទៃ ចូលរៀនព្រះកម្មដ្ឋានក្នុងសំណាក់នៃគ្រូធម្មាចារ្យណាមួយ ក៏មានចិត្តជ្រះថ្លា ក៏សូមចូលរៀនព្រះកម្មដ្ឋានជាមួយគេដែរ ក៏សឹងមាន។ ហេតុ ដូច្នេះ ខ្ញុំសូមចែករបៀបវិធីសិក្សាវិបស្សនាកម្មដ្ឋានថ្នាក់ដំបូងជាកិច្ចខាងដើម នៃ ការរៀនយកព្រះកម្មដ្ឋានជា ២ ចំណែកដូចតទៅៈ
        ១‑ភិក្ខុ‑សាមណេរ ឬឧបាសក‑ឧបាសិកាជាអ្នកដល់នូវព្រះរតនត្រ័យជាទីពឹង ទីរលឹកបានធ្លាប់សមាទាននូវសីលរួចហើយ មានសេចក្តីប្រាថ្នាដើម្បីប្រតិបតិ្តក្នុង វិបស្សនាថ្នាក់ដំបូងនេះ គប្បីប្រតិបត្តិតាមលំដាប់ដូចតទៅ៖
               ក/ជម្រះនូវសីលឲ្យបានបរិសុទ្ធរៀងៗខ្លួន ជាសីលដែលបុគ្គលបាន សមាទាន កាន់យកតាមសទ្ធាជ្រះថ្លាជាមុន។
               ខ/លះបង់បលិពោធ គឺសេចក្តីកង្វល់ ១០ យ៉ាង។
               គ/សេពគប់នឹងកល្យាណមិត្ត គឺព្រះធម្មាចារ្យ។
               ឃ/ការគោរពប្រតិបត្តិចំពោះព្រះធម្មាចារ្យ សូមរៀនព្រះកម្មដ្ឋាន។
ក. កិច្ចជម្រះសីល
        ព្រះយោគាវចរ (ភិក្ខុ សាមណេរ ឬឧបាសក ឧបាសិកា អ្នកប្រតិបត្តិធម៌) ជាអ្នកមានសេចក្តីប្រាថ្នាអប់រំចិត្ត ដោយការចម្រើនព្រះកម្មដ្ឋានក្នុងព្រះពុទ្ធសាសនា ត្រូវជម្រះសីលឲ្យបរិសុទ្ធជាមុនសិន ទើបអាចញ៉ាំងគុណវិសេសឲ្យកើតឡើង បាន កាលបើសីលមិនបរិសុទ្ធទេនោះ មិនអាចញ៉ាំងគុណវិសេសឲ្យកើតបាន​ឡើយ ព្រោះសន្តានចិត្តបុគ្គលទ្រុស្តសីលតែងមានវិប្បដិសារីអស់កាលជានិច្ច មិន មែនជាទីតាំងនៃគុណវិសេសឡើយ ធម្មតាទោសទ្រុស្តសីលកុំថាឡើយដល់​ទោសធំនោះ សូម្បីតែទុក្កដាបត្តិ ១ យ៉ាងតូច ដែលប្រកបដោយចិត្តក្លែង​ ក៏ធ្វើអន្ត- រាយដល់គុណវិសេសមានសមាធិជាដើមបាន ហេតុនោះ ត្រូវជម្រះសីលឲ្យបរិ- សុទ្ធជាមុនតាមការគួរដល់ភេទគ្រហស្ថ​ ឬបព្វជិតជាមុនសិន។
ខ. បលិពោធ ១០
        បន្ទាប់មកយោគាវចរ គប្បីផ្តាច់បង់នូវបលិពោធ (ធម៌ជាគ្រឿងកង្វល់) ១០ យ៉ាងគឺៈ
        ១‑អាវាសបលិពោធ កង្វល់ដោយការគ្រប់គ្រងទីលំនៅ។
        ២‑កុលបលិពោធ កង្វល់ដោយជាប់ជំពាក់នៅក្នុងត្រកូលញាតិ ឬត្រកូល របស់ឧបដ្ឋាក។
        ៣‑លាភបលិពោធ កង្វល់ដោយការទទួលលាភ គឺកង្វល់ដោយការធ្វើ អនុមោទនា ឬសម្តែងធម៌ដល់ទាយក។
        ៤‑គណៈបលិពោធ កង្វល់ដោយពួកអ្នករៀនព្រះសូត្រ ឬ ពួកលោករៀន អភិធម្ម គឺកង្វល់ដោយការបង្រៀន។
        ៥‑កម្មបលិពោធ កង្វល់ដោយការងារ គឺកង្វល់ដោយការធ្វើការងារខ្លួន ឯង ឬចាត់បង្គាប់ឲ្យគេធ្វើ។
        ៦‑អន្ធានបលិពោធ កង្វល់ដោយដើរដំណើរផ្លូវឆ្ងាយ។
        ៧‑ញាតិបលិពោធ កង្វល់ថែទាំព្យាបាលជម្ងឺរបស់ញាតិ គឺអាចារ្យ និង ឧបជ្ឈាយ៍។
        ៨‑អាពាធបលិពោធ កង្វល់ដោយការព្យាបាលរោគរបស់ខ្លួន។
        ៩‑គន្ថបលិពោធ កង្វល់ដោយការរៀនព្រះបរិយត្តិ។
        ១០‑ឥទ្ធិបលិពោធ កង្វល់ដោយការរក្សាទុកនូវឫទ្ធិជារបស់បុថុជ្ជន តែថា
ឫទ្ធិនេះ ជាកង្វល់ដល់វិបស្សនាមិនមែនជាកង្វល់ដល់សមាធិឡើយ គឺត្រូវលោក អ្នកចម្រើនវិបស្សនាត្រូវផ្តាច់បង់ចេញ។
        វិធីដែលនឹងផ្តាច់បង់ដោយហេតុ ២ យ៉ាងគឺ ដោយលះបង់ចេញម៉្យាង ដោយ ធ្វើបង្ហើយម៉្យាង (ណាដែលគួរលះបង់ចេញបាន ត្រូវលះបង់ចេញ ណាមិនគួរលះ បង់ចេញបាន ត្រូវធ្វើង្ហើយ)។
គ. ការសេពគប់ នឹងកល្យាណមិត្ត គឺព្រះធម្មាចារ្យ
        លោកដែលហៅថា “កល្យាណមិត្តនោះ” សំដៅយកលោកណាដែលមាន សទ្ធាជឿប្រាជ្ញាពោធិញាណរបស់ព្រះតថាគត ជឿកម្មនិងផលរបស់កម្ម មានសីលបរិសុទ្ធជាទីស្រឡាញ់ និងជាទីគោរពសរសើរនៃមនុស្សទេវតាទាំងពួងជាអ្នកតិះដៀលបុគ្គលបាប ជាអ្នកអត់ធ្មត់ ជាអ្នកចេះបរមត្ថធម៌ដ៏ជ្រាលជ្រៅមិនដែលប្រកបការអាក្រក់ មានសេចក្តីសន្តោស ជាអ្នកប្រាថ្នាតិច មិនចំពាក់ដោយគ្រហស្ថ​ មានព្យាយាមមិនខ្ជិលច្រអូស មានស្មារតីដម្កល់ខ្ជាប់ មានចិត្តដម្កល់មាំមិនរាយមាយ ជាអ្នកមានប្រាជ្ញាយល់ត្រូវ ជាពហូសូត្រចេះចាំពុទ្ធវចនច្រើន ជាអ្នកអៀនខ្មាសអំពើបាបគ្រប់ជំពូក បុគ្គលដែលជាកល្យាណមិត្តគួរយកធ្វើជាអា-ចារ្យបង្រៀននូវកម្មដ្ឋានមានទំនងដូចនេះឯង។
        វេលាដែលចូលទៅកាន់សំណាក់អាចារ្យជាកល្យាណមិត្រ ដូចពោលមក ហើយ ដើម្បីរៀនយកកម្មដ្ឋាននោះ បើជាបព្វជិត ត្រូវប្រតិបត្តិតាមគមិកវត្ត និង​អាចរិយវត្តឲ្យសព្វគ្រប់ (ការពោលមកនេះសំដៅយកព្រះធម្មាចារ្យជាភេទព្រះ​សង្ឃ)។
ឃ. ការគោរពចំពោះព្រះធម្មាចារ្យ សូមរៀនកម្មដ្ឋាន
        យោគាវចរទាំងឡាយដែលមានសេចក្តីប្រាថ្នា ដើម្បីចម្រើនកម្មដ្ឋានជាអ្នក នឿយណាយ នឹងសេចក្តីទុក្ខក្នុងខន្ធ ទុកជាបុគ្គលធ្លាប់បានសូមខមាទោសចំពោះ ព្រះរតនត្រ័យថ្វាយខ្លួនជាឧបាសក‑ឧបាសិកា និងរក្សាសីលរួចហើយកាលបើ​បានមកសេពគប់នឹងកល្យាណមិត្ត គឺព្រះធម្មាចារ្យ ដើម្បីសូមរៀនព្រះកម្មដ្ឋាន បើ គ្រហស្ថក៏គួរត្រូវតែធ្វើកិច្ចសូមខមាទោសថ្វាយខ្លួនជាឧបាសក‑ឧបាសិកា សមាទានសីលម្តងទៀតក្នុងទីចំពោះមុខនៃព្រះធម្មាចារ្យ បន្ទាប់មកប្រកាសថ្វាយខ្លួន សូមរៀនកម្មដ្ឋានតទៅ​ ឯវិធីសូមខមាទោសថ្វាយខ្លួនជាឧបាសក‑ឧបាសិកា ប្រ គល់កាយថ្វាយខ្លួន សូមរៀនកម្មដ្ឋាននោះនឹងមានពោលក្នុងទីខាងមុខសព្វគ្រប់ ហើយ។
        ២‑សាធុជនដែលមិនទាន់ដល់នូវព្រះត្រៃសរណគមន៍ និងមិនទាន់បានរក្សា សីលនៅឡើយ ជាអ្ន​កមានសទ្ធាជ្រះថ្លាឲ្យតឹ្រមតែទាន ឬក៏មិនមានទាំងការ​បរិច្ចាគនូវទេយ្យធម៌ដល់ជនដទៃនៅឡើយ កាលបើបានឮ ឬឃើញជនដទៃលា​កូន ចៅ ក្រុមគ្រួសាររបស់គេហើយ ធ្វើដំណើរស្វែងរកគ្រូរៀនព្រះកម្មដ្ឋានក្នុងក្នុងទីណាមួយដែលគេបានដឹង ក៏មានសទ្ធាជ្រះថ្លាចង់រៀនប្រតិបត្តិព្រះកម្មដ្ឋានក្នុង​ព្រះ​ពុទ្ធសាសនានឹងគេដែរ ក៏បានចូលទៅសេពគប់នឹងធម្មាចារ្យសូមរៀនកម្មដ្ឋាន។ សាធុជននោះ គប្បីធ្វើវិធីសូមខមាទោសចំពោះព្រះរតនត្រ័យថ្វាយខ្លួនជាឧបាសក‑ឧបាសិកា ហើយសមាទានសីល តាមសទ្ធាជ្រះថ្លា បន្ទាប់មកត្រូវប្រគល់​កាយថ្វាយអត្តភាពចំពោះនឹងគ្រូធម្មាចារ្យ ដើម្បីសូមរៀនកម្មដ្ឋានតទៅ។
កិច្ចគោរពប្រតិបត្តិក្នុងសំណាក់នៃព្រះធម្មាចារ្យ
        សាធុជនទាំងឡាយ ទោះជាគ្រហស្ថ ឬបព្វជិតដែលមានសេចក្តីគោរពប្រតិបត្តិ សូមរៀនកម្មដ្ឋានក្នុងសំណាក់នៃព្រះធម្មាចារ្យ គប្បីប្រព្រឹត្តដូចទៅនេះ ៖
        ១‑គ្រហស្ថត្រូវមានកិច្ចប្រតិបត្តិចំពោះភិក្ខុ‑សាមណេរ ដែលជាព្រះធម្មាចារ្យ របស់ខ្លួនមានវិធីដូចតទៅៈ
               ក/វិធីថ្វាយខ្លួនជាឧបាសក‑ឧបាសិកា
               ខ/វិធីសមាទានសីល
               គ/វិធីរៀនយកកម្មដ្ឋាន
               ក/វិធីថ្វាយខ្លួនជាឧបាសក‑ឧបាសិកា
        បុរស​ឬស្ត្រីដែលមានសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ គឺគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយមានប្រាថ្នាប្តេជ្ញាខ្លួនជាឧបាសក ឬឧបាសិកាជាបុព្វភាគគប្បីបដិបត្តិ គឺសេចក្តីប្រតិបត្តិជាចំណែកខាងដើម ឲ្យពេញស៊ប់ជាអ្នកកាន់ព្រះពុទ្ធសាសនា ឬជាអ្នកដម្កល់នៅក្នុងព្រះពុទ្ធសាសនានោះ ត្រូវធ្វើដោយកិច្ច ២ យ៉ាងគឺៈ
        ១.មុនដំបូងនមស្ការចំពោះព្រះរតនត្រ័យ បន្ទាប់មកត្រូវបញ្ចេញវចីភេទសូម ខមាទោសនឹងព្រះរតនត្រ័យក្នុងទីចំពោះមុខនៃព្រះធម្មាចារ្យ។
ពាក្យសម្រាប់ខមាទោស
        ឯពាក្យសូមខមាទោសនឹងព្រះរតនត្រ័យនោះ បើបុរសតែម្នាក់ ឬស្ត្រីតែម្នាក់ ត្រូវសូត្រថាៈ
        អច្ចយោ មំ ភន្តេ អច្ចគមា យថា លាលំ យថាមុឡ្ហំ យថាអកុសលំ យោ/យា ហំ ភន្តេ កាយេន វា វាចាយ វា មនសា វា ពុទ្ធស្ស​ វា ធម្មស្ស វា សង្ឃស្ស វា អគារវំ អកាសី តស្ស/តស្សា មេ ភន្តេ អយ្យោ អច្ចយំ អច្ចយតោ បដិគ្គណ្ហតុ អាយតឹ សំវរាយ។
        ប្រែថា បពិត្រ ព្រះករុណាដ៏ចម្រើន ទោសកំហុសដែលប្រព្រឹត្តកន្លងគ្រប សង្កត់ហើយនូវខ្ញុំព្រះករុណា តាមដោយខ្ញុំព្រះករុណាជាមនុស្សល្ងង់ខ្លៅ ជា​មនុស្សវង្វេង ជាមនុស្សមិនឈ្លាស បពិត្រព្រះករុណាដ៏ចម្រើន ក្រែងខ្ញុំព្រះករុណា បានធ្វើហើយនូវសេចក្តីល្មើស មិនគោរពដល់ព្រះពុទ្ធក្តី ដល់ព្រះធម៌ក្តី ដល់ព្រះ សង្ឃក្តី ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី បពិត្រព្រះករុណាដ៏ចម្រើន សូម ព្រះករុណាអត់នូវទោសកំហុសនោះដល់ខ្ញុំព្រះករុណា ព្រោះអំពើនៃទោសនោះ ជាសេចក្តីខុសពិត ដើម្បីនឹងបានសង្រួម គឺថានឹងប្រព្រឹត្តឲ្យល្អតទៅក្នុងខាងមុខ នោះហោង។
        ធម្មាចារ្យ ដែលគង់ក្នុងទីចំពោះមុខនោះ ត្រូវទទួលថា “សាធុ” ប្រែថាៈ ប្រពៃ ហើយ។
        ‑បើបុរសត្រូវសូត្រថា យោហំ ថា តស្ស, មេ
        ‑បើស្ត្រីត្រូវសូត្រថា យាហំ តស្សា មេ
        តាមសមគួរដល់បាលីភាសា ដែលត្រូវផ្លាស់តាមបុរស ស្រ្តី។ បើសុទ្ធតែបុរស ឬសុទ្ធតែស្ត្រីច្រើននាក់ ឬបុរសនិងស្ត្រីច្រើននាក់លាយគ្នា តាំងពីពីរនាក់ឡើងទៅ ហើយសូមខមាទោសព្រមគ្នានោះ ត្រូវសូត្រថាៈ អច្ចយោ នោ ភន្តេ  អច្ចគមា យថា ពាលេ/លា យថា មុឡ្ហេ/ឡ្ហា យថា អកុសលេ/លា យេ/យា មយំ ភន្តេ កាយេន វា វាចាយ វា មនសា វា ពុទ្ធស្ស​ វា ធម្មស្ស វា សង្ឃស្ស វា អគារវំ អករិម្ហា​ តេសំ/តាសំ នោ ភន្តេ អយ្យោ អច្ចយំ អច្ច-យតោ  បដិគណ្ហតុ អាយតឹ សំវរាយ ប្រែថាដូចនឹងបែបមុន ប្លែកគ្នាតែត្រង់ពាក្យថា “ខ្ញុំព្រះករុណា” នោះក្នុងទីនេះត្រឡប់ប្រែថា “ខ្ញុំព្រះករុណាទាំងឡាយ” ដូច្នេះវិញក្រៅអំពីនេះទៅ ដូចគ្នាទាំងអស់។
        បើបុរសត្រូវថា យថា ពាលេ យថា មុឡ្ហេ យថា អកុសលេ យេ មយំ ថា​ តេសំ នោ បើស្ត្រីត្រូវថា យថា ពាលា យថា មុឡ្ហា យថា អកុសលា យា មយំ តាសំ នោ បើទុកជាគ្នាច្រើន មានបុរស មានស្រ្តីលាយគ្នា ហើយសូត្រសូម ខមាទោសព្រមគ្នានោះក៏ត្រូវតែសូត្រខុសគ្នាត្រង់បទដែលគាបនោះដែរ តែបើគ្នា ច្រើនហើយសូត្រសូមខមាទោសព្រមទាំងអស់គ្នានោះ បើមិនបានសូត្រដោយ ពាក្យថា ពហុវចនៈ តាមបែបខាងក្រោយនេះ នឹងសូត្រជាឯកវចនៈ តាមបែប​មុនក៏បាន ព្រោះសូត្រសូមខមាទោសព្រមគ្នាទាំងអស់។
        ២‑បន្ទាប់អំពីសូមខមាទោសមក គប្បីបញ្ចេញវចីភេទប្តេជ្ញាខ្លួនជាអ្នកដល់ ព្រះសរណគមន៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក ដើម្បីនឹងឲ្យឡើង នាមបញ្ញត្តិជាឧបាសក ឬឧបាសិកាក្នុងព្រះពុទ្ធសាសនាតទៅ ក្នុងទីចំពោះមុខនៃ ធម្មាចារ្យរបស់ខ្លួន។
        បើបុរសតែម្នាក់ ឬស្ត្រីតែម្នាក់ ត្រូវប្តេជ្ញាដោយពាក្យថាៈ ឯសាហំ ភន្តេ សុចិរបរិនិព្វុតម្បិ តំ ភគវន្តំ សរណំ គច្ឆាមិ ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសកំ/សិកំ មំ អយ្យោ ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ ប្រែថា បពិត្រព្រះករុណាដ៏ច្រើន ខ្ញុំព្រះករុណាសូមដល់នូវព្រះដ៏មានព្រះភាគដែលទ្រង់ បរិនិព្វានទៅអស់កាលយូរអង្វែងហើយនោះផង នូវព្រះធម៌ផង នូវព្រះភិកក្ខុសង្ឃ​ផង ជាទីពឹងទីរឭក សូមព្រះករុណាជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក/ឧបាសិ-កា បានដល់ហើយនូវព្រះរតនត្រ័យជាទីពឹងទីរឭកស្មើដោយជីវិតតាំងអំពីថ្ងៃនេះ ជា​ដើមរៀងទៅ។
        ធម្មាចារ្យទទួលថា សាធុ ប្រែដូចមុន បើបុរសថា ឧបាសកំ បើស្រ្តីថា  ឧបាសិកំ បើគ្នាច្រើនតាំងពីពីរនាក់ឡើងទៅ ទោះសុទ្ធតែបុរសក្តី សុទ្ធតែស្ត្រីក្តី បុរសនិងស្ត្រីលាយគ្នាក្តី ត្រូវសូត្រថាៈ ឯតេ/តា មយំ ភន្តេ សុចិរបរិនិព្វុតម្បិ​ តំ
ភគវន្តំ សរណំ គច្ឆាម ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសកេ/សិកាយោ នោ អយ្យោ ធារេតុ អជ្ជតគ្គេ បាណុបេ តេ/តា សរណំ គតេ/តា សេចក្តីបែ្រដូចគ្នានិងបែបមុន ប្លែកគ្នាតែត្រង់ពាក្យមុនថាៈ “ខ្ញុំព្រះករុណា” នៅក្នុងទីនេះថាៈ “ខ្ញុំព្រះករុ ណាទាំងឡាយ” ដូច្នេះវិញ ក្រៅពីនោះទៅដូចគ្នាទាំងអស់។
        បុរស ឬស្រ្តី កាលបើបានពោលពាក្យប្តេជ្ញាជាអ្នកបានដល់ព្រះត្រៃសរណ គមន៍ ជាទីពឹងទីរឭក ដូច្នេះហើយ ក៏បាននាមបញ្ញត្តិថា ឧបាសក‑ឧបាសិកាក្នុង  ខណៈនោះឯង។ វីធីសូមខមាទោសក្តី វិធីប្តេជ្ញាខ្លួនជាឧបាសកក្តី ឬជាឧបាសិកាក្តី បើអ្នកដែលមិនចេះសូត្រជាបាលី នឹងសូត្រជាសេចក្តីសម្រាយតាមភាសារបស់ ខ្លួននោះក៏បាន បើចេះសូត្រទាំងបាលី ទាំងសេចក្តីប្រែជាសម្រាយផងដូចបាន ពោលមកហើយ នោះជាការប្រពៃពិត តែកុំសូត្រតែបាលីទទេដោយមិនដឹងសេច ក្តីជាអ្វីនោះឡើយ ព្រោះកិច្ចដែលសូត្រសូមខមាទោស និងប្តេជ្ញាខ្លួនសំដៅយក សទ្ធា គឺ សេចក្តីជឿជាក់ និងបញ្ញាជាសម្មាទិដ្ឋិដែលដឹងពិត យល់ត្រូវពិតជាប្រ  មាណ។
        បុច្ឆាៈ តើវិធីសូមខមាទោសចំពោះព្រះរតនត្រ័យ តើមានប្រយោជន៍ដូច​ម្តេច?
        វិស្សជ្ជនា ក្នុងព្រះពុទ្ធសាសនា កាលណាមានពុទ្ធបរិស័ទ ទើបតែនឹងចូល​ទៅសមាទានសីល មុនដំបូងលោកអាចារ្យតែងធើ្វវិធីសូមខមាទោសជាមុនដោយ មានប្រយោជន៍យ៉ាងសំខាន់ដូតទៅៈ
   ‑ដើម្បីច្រានចេញនូវសេចក្តីអន្តរាយដែលកើតអំពីពាក្យសំដី ដែលបាន​ពោលទង្គិចដោយចិត្តបាបចំពោះព្រះរតនត្រ័យ១។
    ‑ដើម្បីញ៉ាំងចិត្តឲ្យចុះស៊ប់ក្នុងគុណព្រះរតនត្រ័យ ដោយបានដឹងខ្លួនថា​ទោសកំហុសទាំងឡាយដែលអាត្មាអញបានធ្វើហើយ ចំពោះព្រះត្រៃសរណ​គម-ន៍រួចហើយ ឥឡូវនេះអញបានលាទោសកំហុសនោះ ដោយការសូមខមា​ទោសមែនពិត ១។
        ‑ដើម្បីសេចក្តីចម្រើនក្នុងធម្មវិន័យនៃព្រះអរិយមានឥន្ទ្រិយ ៥ មានសទ្ធិន្រ្ទិយ​​ជាដើម ១។
        បុច្ឆាៈ តើពាក្យឧបាសក ឧបាសិកា មានន័យដូចម្តេច?
        វិស្សជ្ជនាៈ ជនដែលមាននាមបញ្ញត្តិថាៈ “ឧបាសក ឬឧបាសិកា” ដោយហេតុ បានដល់នូវព្រះរតនត្រ័យជាទីពឹងទីរឭក ដូចព្រះពុទ្ធដីកាដែលទ្រង់សម្តែងក្នុង គម្ពីរសំយុត្តនិកាយ​ មហាវារវគ្គ ឯកាទសមភាគត្រង់ឈាន សំយុត្តចំពោះមហានាមថាៈ យតោ ខោ មហានាម ពុទ្ធំ សរណំ គតោ ហោតិ ធម្មំ សរណំ គតោ ហោតិ សង្ឃំ សរណំ គតោ ហោតិ ឯត្តាវតោ ខោ មហានាម   ឧបាសកោ ហោតិ ប្រែថា​ ម្នាលមហានាម បុគ្គលជាអ្នកដល់នូវព្រះពុទ្ធជាទី​ពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ព្រោះហេតុឯណា
        ម្នាលមហានាម បុគ្គលនោះឈ្មោះឧបាសក ព្រោះហេតុនោះឯង។
        ម៉្យាងទៀតមានពាក្យថា រតនត្តយំ ឧបាសតីតិ ឧបាសកោ ប្រែថា ជន ឯណាមួយចូលទៅអង្គុយជិតព្រះរតនត្រ័យ ជននោះហៅថា ឧបាសក។
        មានសេចក្តីថាៈ មិនមែនចូលទៅអង្គុយជិតព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជានិច្ច ដោយរូបកាយនោះទេ គឺលោកសង្រ្គោះយកនាមកាយ បានដល់អរូបក្ខន្ធ ៤ ជាប្រ មាណ សូម្បីជននោះមានរូបកាយស្ថិតនៅក្នុងទីឆ្ងាយប៉ុន្មានក៏ដោយ តែមាន​     សន្តានចិត្តប្រព្រឹត្តជាប់ក្នុងព្រះគុណព្រះរតនត្រ័យជានិច្ច ចិត្តនោះឳនទៅតោង​យកគុណព្រះរតនត្រ័យជាទីពឹងទីរឭកជានិច្ច​ ជននោះបានឈ្មោះថា ស្ថិតនៅ​ក្នុងទីឆ្ងាយអំពីគុណព្រះរតនត្រ័យមិនមែនជាឧបាសកឧបាសិកាឡើយ។
/‑វិធីសមាទានសីល
        ក្នុងកិច្ចសមាទានសីលនេះ ឧបាសក ឧបាសិកា ដែលមានសទ្ធាជ្រះថ្លាក្នុង ព្រះពុទ្ធសាសនា គប្បីសមាទានសីលនឹងអាចារ្យ ឬភិក្ខុសាមណេរជាបុគ្គល ឬ    គណៈ ឬសង្ឃដែលគង់នៅក្នុងទីនោះ។
        រីឯសីលនោះ គឺសីល​ ៥, សីល ៨, សីល ១០។
សមាទាន និច្ចសីល ឬ បញ្ចសីល
        ឧកាស អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ/ម ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ   រក្ខនត្ថាយ តិរសណេន សហ បញ្ចសីលានិ យាចាមិ/ម ប្រែថា សូមគោរពបពិត្រព្រះករុណាណាដ៏ចម្រើន ខ្ញុំព្រះករុណា/ព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ ៥ មួយអន្លើដោយ ព្រះត្រៃសរណគមន៍ ដើម្បីប្រយោន៍នឹងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ ៥​ មួយអន្លើដោយ ព្រះត្រៃសរណគមន៍ ដើម្បីប្រយោន៍នឹងរក្សាផ្សេងៗគ្នាជាគម្រប់ ពីរដងផង/បីដងផង។
សមាទាន និច្ចសីលមួយបែបទៀត
        ឧកាស អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចង្គសមន្នាគតំ និច្ចសីលំ យាចាមិ/យាចាម អនុគ្គហំ​ កត្វា សីលំ ទេ-ថ មេ/នោ ភន្តេ ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចង្គសមន្នាគតំ និច្ចសីលំ យាចាមិ/យាចាម អនុ-គ្គហំ កត្វា សីលំ ទេថ មេ/នោ ភន្តេ ប្រែថា​ សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ សូមនូវនិច្ចសីលប្រកបដោយអង្គ ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍​ ដើម្បីប្រយោជន៍ និងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះករុណាមេត្តាធ្វើសេចក្តីអនុគ្រោះឲ្យនូវសីលដល់ ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ សូមនូវនិច្ចសីលប្រកបដោយអង្គ ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នាជាគម្រប់ពីរដងផង/បីដងផង បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ។
អ្នកសមាទានតែម្នាក់គត់ត្រូវថា
               អហំ ខ្ញុំព្រះករុណា
               យាចាមិ សូម
               មេ ដល់ខ្ញុំព្រះករុណា
               សមាទាន ច្រើនគ្នា តាំងពីពីរនាក់ឡើងទៅក្តី ឬ អ្នក សូត្រសូមសីល សូត្រតែម្នាក់ជាតំណាងជនច្រើនគ្នាក្តីត្រូវថាៈ
               មយំ ខ្ញុំព្រះករុណាទាំងឡាយ
               យាចាម សូម
               នោ ដល់ខ្ញុំព្រះករុណាទាំងឡាយ​ បើគ្នាច្រើន ហើយសូត្រសូមសីលថាព្រមគ្នានោះប្រើជាឯកវចនៈដូច្នេះ ក៏បានថាៈ
               អហំ ខ្ញុំព្រះករុណា
               យាចាមិ សូម
               មេ ដល់ខ្ញុំព្រះករុណា
ការទទួលសីល
        ត្រូវថាតាមលោកឲ្យច្បាស់ៗកុំឲ្យខ្សិបជាដាច់ខាត។
        នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ចប់)
        កិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គ នោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយ ប្រពៃ ចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។
        ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក
        ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក
        សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក
        ទុតិយម្បិ ពុទ្ធំ/ធម្មំ/សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធ​/ព្រះ​ធម៌/ព្រះ​សង្ឃ ជាទីពឹងទីរឭកជាគម្រប់ពីរដងផង
        តតិយម្បិ ពុទ្ធំ/ធម្មំ/សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធ​/ព្រះ​ធម៌/ព្រះ​សង្ឃ ជាទីពឹងទីរឭក​ជា​គម្រប់បីដងផង។
ហើយលោកពោលថា
        តិសរណគ្គហនំ បរិបុណ្ណំ កិរិយាកាន់យកនូវព្រះត្រៃសរណគមន៍បរិបូរ តែប៉ុណ្ណោះ។
ឧបាសក ឧបាសិកាទទួលថាៈ
        អាម ភន្តេ ករុណាលោកម្ចាស់។ លោកឲ្យនិច្ចសីលជាបច្ចេកសមាទានថាៈ
‑បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
‑អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមា​ទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយ ឬដោយវាចា។
‑កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំង ឡាយ។
‑មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
‑សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុ
ណាសូមសមាទាននូវសិក្ខាបទ គឹចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេច​ក្តីប្រមាថគឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ។
លោកសូត្ររំលឹកថាៈ
        ឥមានិ បញ្ចសិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ អ្នក/អ្នកទាំងឡាយ គប្បីធ្វើសិក្ខាបទទាំងឡាយ ៥ នេះឲ្យប្រពៃ​ត្រូវរក្សាឲ្យល្អអស់កាលជានិច្ច ដោយសេចក្តីមិនប្រមាទ គឺថាកុំបីធ្វេសប្រហែស ឡើយ។
អានិសង្សសីល
        សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទាន សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ។
        សត្វទាំងឡាយបានទៅកាន់ឋានសួគ៌ ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគ ក៏ព្រោះសីល សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះបុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបានបរិសុទ្ធកុំឲ្យសៅហ្មង។

អ្នកសមាទានត្រូវទទួលថា
        សាធុ ប្រពៃ។
សមាទាននិច្ចសីលជាបច្ចេកសមាទានចប់តែប៉ុណ្ណេះ។
សមាទាន ឧបោសថសីល
        កាលបើឧបាសក ឧបាសិកានឹងសមាទាននូវឧបោសថសីលប្រកបដោយអង្គ ៨ ជាបច្ចេកសមាទានអំពីភិក្ខុ ឬសាមណេរនោះត្រូវសូមនូវឧបោសថសីល ព្រមទាំងព្រះត្រៃសរណគមន៍ចំពោះភិក្ខុ ឬសាមណេរថាៈ
        ឧកាស អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាមិ/យាចាម ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន  សហ អដ្ឋសីលានិ យាចាមិ/យាចាម ប្រែដូចវិធី សូមនិច្ចសីលខាងដើម ប្លែកគ្នាតែត្រង់ពាក្យថា អដ្ឋសីលានិ ប្រែថា នូវសីលទាំងឡាយ ៨។
សមាទានមួយបែបទៀត
        ឧកាស អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋង្គសមន្នាគតំ ឧបោសថំ យាចាមិ/យាចាម អនុគ្គហំ កត្វា សីលំ   ទេថ មេ/នោ ភន្តេ ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថា-យ តិសរណេន សហ អដ្ឋង្គសមន្នាគតំ ឧបោសថំ យាចាមិ/​យាចាម អនុគ្គហំ កត្វា សីលំ ទេថ មេ/នោ ភន្តេ
        សូមគោរពបពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំង​ឡាយ សូមនូវឧបោសថសីលប្រកបដោយអង្គ ៨ មួយអន្លើដោយព្រះត្រៃសរណ គមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រើន សូមករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំង​ឡាយ សូមនូវឧបោសថប្រកបដោយអង្គ ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នាជាគំរប់ ពីរដងផង/បីដងផង បពិត្រព្រះករុណា ដ៏ចម្រើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំព្រះករុ-​ណា/ខ្ញុំព្រះករុណាទាំងឡាយ។
        នមោ ៣ ចប់ និងការកាន់យកព្រះត្រៃសរណគមន៍មានវិធីដូចនិច្ចសីល ឬ សីល ៥ ដែរ។
ឧបោសថសីល
‑បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាម (ប្រែដូចនិច្ចសីល)
‑អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ (ប្រែដូចនិច្ចសីល)
‑អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមា ទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺ​សេពនូវមេថុនធម្ម។
‑មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ (ប្រែដូចនិច្ចសីល)
‑សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ​ (ប្រែដូច​និច្ចសីល)
‑វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមា ទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុង​កាលខុស។
‑និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធវិលេបនធារណមណ្ឌនវិភូសន-ដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ និង ច្រៀង និង ប្រគំ និង មើលនូវ ល្បែងដែលជាសត្រូវដល់កុសលធម៌ និងកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និង ស្អិតស្អាងរាងកាយដោយផ្កាកម្រងនិងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
‑ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុ ណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
អ្នកសមាទានសូត្រ កំណត់ឧបោសថ ថាៈ
        ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធបញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទីវសំ សម្មទេវ អភិរក្ខិតុំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវឧបោសថ​សីលដ៏ប្រកបព្រមដោយអង្គ ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បញ្ញត្តិទុក ហើយនេះ ដើម្បីនឹងរក្សាឲ្យបរិបូណ៌ប្រពៃអស់កាលកំណត់ថ្ងៃនេះ និងយប់នេះ (សូមកុសលចូលជាឧបនិស្ស័យធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ព្ធដ៏អនាគតកាលទៅ ឯមុខនេះហោង។
ព្រះសង្ឃរំលឹកថាៈ
        ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ។ អ្នក/អ្នកទាំង​ឡាយគប្បីធ្វើនូវសិក្ខាបទទាំង ៨ នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អដោយអំណាចនៃ​ឧបោសថអស់កាលកំណត់ត្រឹម ១ ថ្ងៃ ១ យប់នេះដោយសេចក្តីមិនប្រមាទ គឺថាកុំ បីធ្វេសប្រហែសឡើយ។
អ្នកសមាទានត្រូវទទួលថា អាម ភន្តេ (ប្រែដូចមុន)
អានិសង្សសីល
        សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទាន សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ​ (ប្រែដូចមុន)
អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃ។
សមាទាននិច្ចសីលជាឯកជ្ឈសមាទាន
        ឧកាស អហំ/មយំ ភន្តេ តិសរណេន សហ ឯកជ្ឈំ កត្វា បញ្ចង្គ-សមន្នាគតំ និច្ចសីលំ យាចាមិ/យាចាម អនុគ្គហំ កត្វា សីលំ ទេថ មេ/នោ ភន្តេ ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ តិសរណេន សហ ឯកជ្ឈំកត្វា បញ្ចង្គសមន្នាគតំ និច្ចសីលំ យាចាមិ/យាចាម អនុគ្គហំ កត្វា  សីលំ ទេថ មេ/នោ ភន្តេ សូមគោរព បពិត្រព្រះករុណាដ៏​ចម្រើន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ សូមនូវនិច្ចសីលប្រកបព្រមដោយអង្គ ៥ ធ្វើឲ្យជាឯកជ្ឈ គឺសមាទានរួមតែម្តងមួយអន្លើដោយព្រះត្រៃសរណគមន៍ បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះករុណាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ បពិត្រ ព្រះករុណា/ព្រះករុណាទាំងឡាយ សូមនូវនិច្ចសីលប្រកបដោយអង្គ ៥ ធ្វើឲ្យជាឯកជ្ឈគឺ សមាទានរួមតែម្តងមួយ​អន្លើដោយព្រះត្រៃសរណគមន៍ជាគំរប់ ពីរដងផង/បីដងផង បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំ ព្រះករុណា​/ព្រះករុណាទាំងឡាយ។
        រួចលោកអ្នកឲ្យសីលលោកតាំងនមោ ៣ ចប់ រួចហើយលោកឲ្យព្រះត្រៃ សរណគមន៍ រួចប្រាប់អំពីកិច្ចកាន់យកនូវព្រះត្រៃសរណគមន៍ដូចក្នុងវិធីបច្ចេក សមាទានខាងដើម រួចហើយលោកឲ្យនិច្ចសីលជាឯកជ្ឈសមាទានថាៈ
បញ្ចង្គសមន្នាគតំ និច្ចសីលំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវ​និច្ចសីលប្រកបដោយអង្គ ៥ ។
        អ្នកសមាទានត្រូវទទួលថាតាមលោក ឬលោកដឹកនាំឲ្យថាៈ បញ្ចសីលានិ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវនិច្ចសីលទាំងឡាយ៥។
លោករំលឹកថា
        ឥមំ បញ្ចង្គសមន្នាគតំ និច្ចសីលំ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ អ្នក/អ្នកទាំងឡាយ គប្បីធ្វើនូវសីលប្រកបដោយអង្គ ៥ នេះឲ្យប្រពៃត្រូវរក្សាឲ្យអស់កាលជានិច្ច ដោយសេចក្តីមិនប្រមាទ គឺ ថាកុំបី​ធ្វេសហែសឡើយ។
អ្នកសមាទានថា
        អាម ភន្តេ ករុណាលោកម្ចាស់។ ឧបាសក ឧបាសិកា វៀរគ្រប់សិក្ខាបទ ទាំង ៥ មិនបាច់សូត្រញែកទេ។
        សមាទាន ឧបោសថសីលជាឯកជ្ឈសមាទាន
        ឧកាស អហំ/មយំ ភន្តេ​ តិសរណេន សហ ឯកជ្ឈំ កត្វា អដ្ឋង្គសមន្នាគតំ ឧបោសថំ យាចាមិ/យាចាម អនុគ្គហំ កត្វា សីលំ   ទេថ មេ/នោ ភន្តេ ទុតិយម្បិ/តតិយម្បិ អហំ/មយំ ភន្តេ តិសរណេន សហ ឯកជ្ឈំ កត្វា អដ្ឋង្គសមន្នាគតំ ឧបោសថំ យាចាមិ/យាចាម   អនុគ្គហំ កត្វា សីលំ ទេថ មេ/នោ ភន្តេ ប្រែដូចសមាទាននិច្ចសីលជាឯកជ្ឈ សមាទានប្លែកគ្នាត្រង់បទថាៈ “អដ្ឋង្គសមន្នាគតំ ឧបោសថំ នូវឧបោសថសីល ប្រកបព្រមដោយអង្គ ៨”។
        លោកឲ្យ នមោ ៣ ចប់ និងព្រះត្រៃសរណគមន៍ចប់ហើយ លោកឲ្យ ឧបោសថសីល ជា ឯកជ្ឈសមាទាន ថា អដ្ឋគ្គសមន្នាគតំ ឧបោសថំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវឧបោសថសីលប្រកបព្រមដោយ​អង្គ៨ ។
        អ្នកសមាទានត្រូវទទួលតាមលោក ឬលោកនឹងឲ្យថាៈ
        អដ្ឋសីលានិ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសីលទាំង​ឡាយ ៨។
        សូត្រកំណត់ឲ្យឧបោសថកាល ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវ អភិរក្ខិកុំ សមាទិយាមិ (ប្រែ ដូចមុន)
លោករំលឹកថាៈ
        ឥមំ អដ្ឋង្គសមន្នាគតំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ អ្នក/អ្នកទាំងឡាយ គប្បីធ្វើនូវឧបោសថ​សីលប្រកបព្រមដោយអង្គ ៨ នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អ អស់កាលកំណត់ត្រឹម១ ថ្ងៃ ១ យប់នេះដោយសេចក្តីមិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ។
        អ្នកសមាទានត្រូវទទួលថាៈ អាម ភន្តេ ករុណាលោកម្ចាស់។
        សមាទានឧបោសថសីលជាឯកជ្ឈសមាទាន មិនបាច់សូត្ររាយសិក្ខាបទ​ទាំង ៨ នោះទេ ត្រូវរក្សាដោយតាំងចិត្តវិរតិចេតនា វៀរគ្រប់សិក្ខាបទទាំង ៨ ក្នុង ឧបោសថសីលដែលខ្លួនបានចេះចាំស្ទាត់ហើយនោះទៅ។
សមាទានសីល ១០
        រីឯវិធីសមាទានសីល ១០ និង សីល១០នឹងមានពោលទុកក្នុងសៀវភៅ    និយមសីល និងគហដ្ឋធុតង្គរួចហើយ សូមរកមើលផងចុះ។
        កិកិវ អណ្ឌំ ចាមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា “សត្វត្រដេវ៉ិចរក្សានូវ ស៊ុតវាយ៉ាងណាមិញ សត្វចាមរីរក្សានូវកន្ទុយវាយ៉ាងណាមិញ កុដុម្ពិករក្សានូវ​កូនជាទីស្រឡាញ់យ៉ាងណាមិញ ជនមានភ្នែកតែម្ខាងរក្សានូវភ្នែកយ៉ាងណាមិញ អ្នកទាំងឡាយកំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នក ប្រកបដោយសេចក្តីគោរពសីលឲ្យបានសព្វកាលក៏យ៉ាងនោះ។
               សីលំ              យោគិស្ស           អលង្កា
               សីលំ              យោគិស្ស           មណ្ឌនំ
               សីលេហិ         លង្កតោ              យោគី
               មណ្ឌនេ          អគ្គតំ                  គតោ
        “សីលជាគ្រឿងអលង្ការរបស់ព្រះយោគី (អ្នករក្សាសីល) សីលជាគ្រឿងប្រ ដាប់របស់យោគី (អ្នករក្សាសីល) យោគី (អ្នករក្សាសីល) ប្រដាប់តាក់តែងដោយ សីលទាំងឡាយ បានដល់នូវភាពខ្ពង់ខ្ពស់ក្នុងការប្រដាប់ (រាងកាយ)។
អធិប្បាយ
        សីលនេះលោករាប់ថាជាអរិយទ្រព្យ ជាទ្រព្យប្រសើរវិសេសថ្លៃថ្លាជាងទ្រព្យ មានវិញ្ញាណ ឥតវិញ្ញាណរបស់បុរសស្ត្រីក្នុងលោកនេះ។ ពុទ្ធសាសនិកជនអ្នក​មានវិចារណញ្ញាណ គង់នឹងរិះរេឃើញយល់បានដោយងាយ។
        “ន បុប្ផគន្ធោ បដិវាតមេតិ ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សព្វា ទិសា សប្បុរិសា បវាយតិ”  ក្លិនផ្កាបក់ផ្សាយច្រាសខ្យល់ ពុំបានទេ, ក្លិន ខ្លឹមចន្ទន៍ក្តី, ក្លិនក្រស្នាក្តី, ក្លិនផ្កាម្លិះរួតក្តី, បក់ផ្សាយច្រាស់ខ្យល់ពុំ បានទេ សប្បុរស (អ្នកមានសីល) បក់ផ្សាយក្លិនសព្វទិសានុទិស ទាំងបណ្តោយ ខ្យល់ទាំងច្រាស់ខ្យល់។
        ចន្ទនំ                      តគរំ                   វាបិ
        ឧប្បលំ                   អថ                     បស្សិកឹ
        ឯតេសំ                   គន្ធជាតានំ         សីលគន្ធោ អនុត្តរោ។
        ខ្លឹមចន្ទន៍ក្តី, ក្លិនក្រស្នាក្តី, ផ្កាឧប្បលក្តី, ផ្កាម្លិះក្តី, (សុទ្ធតែមានក្លិនក្រអូប) ប៉ុន្តែក្លិនសីល ក្រអូបក្រៃលែងជាងគន្ធជាតិទាំងនុ៎ះ ឥតមានគន្ធជាតិអ្វី ក្រអូបដូច ក្លិនសីលឡើយ។
បែបអ្នករក្សាសីល ១០
        ឧបាសក ឧបាសិកាអ្នករក្សាសីល ១០ ត្រូវកោសក់ បើមានពុកមាត់ ពុកចង្កា ក៏ត្រូវកោផងដែរ ត្រូវកាត់ក្រចកដៃ ជើងឲ្យស្មើនឹងសាច់ ត្រូវស្លៀកពាក់ស និងពា នាសំពត់សផងក៏បាន តាមសមគួរដល់ការលៃលកសមរម្យតាមសភាពបុរស និង ស្ត្រី។ សីលកើតឡើងដោយសារវិរតិចេតនា ពុំមែនដោយការកោសក់ ស្លៀកពាក់ សទេ ក៏ពិតមែនហើយ ប៉ុន្តែការស្លៀកពាក់ស កោសក់នេះមួយសម្រាប់គ្រហស្ថ អ្នកកាន់សីល ១០ ក្នុងព្រះពុទ្ធសាសនាជាគ្រឿងសម្គាល់ឲ្យឃើញប្លែកពីគ្រហស្ថ ទាំងពួងទាំងជាភស្តុតាងដល់ផ្លូវចិត្តរបស់គ្រហស្ថអ្នកកាន់សីល ១០ នោះឯង​ទៀត ប៉ុន្តែកុំយល់ថាដូចគ្នានឹងអ្នកស្លៀកពាក់សតាមធម្មតា ឬអ្នកដែលកោសក់, កោពុកមាត់, ពុកចង្កាតាមធម្មតា ឥតមានសមាទានសីលនោះឡើយ។ អ្នកកាន់ សីល នឹងអ្នកមិនកាន់សីលមានសភាពផ្សេងផ្ទុយគ្នាដោយផ្លូវចិត្ត ដោយចរិយា​ និងគុណសម្បត្តិ សូម្បីអ្នកកាន់សីលផងគ្នា ក៏គង់ផ្សេងទីទៃពីគ្នា ដោយថ្នាក់សីល  ធម៌ដែរ គឺភិក្ខុមានសីលខ្ពស់ជាងសាមណេរ សាមណេរមានសីលខ្ពស់ជាង   គ្រ-​ហស្ថអ្នកកាន់សីល ១០ (គ្រហស្ថអ្នកកាន់សីល ១០) មានថ្នាក់ខ្ពស់ជាងអ្នកកាន់ សីល ៨ អ្នកកាន់សីល ៨ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៥ ។
        អ្នកកាន់សីលទាំងនេះ សុទ្ធតែគួរគោរពគ្នាតាមលំដាប់ថ្នាក់សីល ទាំងតាម លំដាប់ថ្នាក់អាយុវស្សាចាស់ក្មេងហើយនិងគុណសម្បត្តិផងទៀត ទើបសមគួរ​តាមលំដាប់គន្លងគារវធម៌ក្នុងព្រះពុទ្ធសាសនា  និងបោរាណធម៌ក្នុងកាលព្រេង នាយ សូម្បីសត្វតិរច្ឆានធំ តូចដូចយ៉ាងសត្វ ទទា ស្វា ដំរី ដែលគោរពគ្នាតាមលំ ដាប់តាមថ្នាក់អាយុ ចាស់ ក្មេង ក៏អាចបានសុគតិភពជាទិដ្ឋានុគតិ ឲ្យមនុស្សយក តម្រាប់បានដែរ។
        គ.វិធីរៀនយកកម្មដ្ឋាន
        កាលបើឧបាសក ឧបាសិកាបានសមាទានសីលរួចហើយនោះ ត្រូវសូម​និស្ស័យដម្កល់នូវលោកឲ្យជាអាចារ្យនៃខ្លួន និងប្រគល់កាយថ្វាយខ្លួន សូមរៀន កម្មដ្ឋានចំពោះលោកគ្រូអាចារ្យតទៅទៀត ត្រូវថ្វាយបង្គំដោយបញ្ចង្គបតិស្ថាន ហើយក្រោកឡើងប្រណម្យអញ្ជលីធ្វើវចីបណាមដោយវចីភេទថាៈ
        ឧកាស វន្ទាមិ ភន្តេ សព្វំ អបរាធំ ខមថ មេ ភន្តេ មយា កតំ បុញ្ញំ សាមិនា អនុមោទិទព្វំ សាមិនា កតំ បុញ្ញំ មយ្ហំ ទាតព្វំ សាធុ សាធុ  អនុមោទាមិ ប្រែថា សូមទានគោរព បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់អត់ នូវទោស គឺសេចក្តីខុសទាំងពួងដល់ខ្ញុំព្រះករុណា បុណ្យដែលខ្ញុំព្រះករុណាបាន ធ្វើហើយ សូមលោកម្ចាស់អនុមោទនា (ត្រេកអរតាមចុះ) បុណ្យដែលលោកម្ចាស់ បានធ្វើហើយ សូមលោកម្ចាស់ចែករំលែកឲ្យដល់ខ្ញុំព្រះករុណាផង នឹងបានសេច ក្តីល្អ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ខ្ញុំព្រះករុណាសូមអនុមោទនា (ត្រេកអរតាម)។
ហើយពោលដូច្នេះតទៅទៀតថាៈ
        ឧកាស ការុញ្ញំ កត្វា និស្សយំ ទេថ មេ ភន្តេ ប្រែថា​ សូមទានគោរព បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មេត្តា ប្រោសធ្វើនូវសេចក្តីករុណាឲ្យ នូវនិស្ស័យ គឺទីនៅអាស្រ័យដល់ខ្ញុំព្រះករុណា។ ហើយអង្គុយច្រហោងផ្គងអញ្ជលី ឡើងពោលដូច្នេះថាៈ
        អហំ ភន្តេ និស្សយំ យាចាមិ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណា សូមនូវនិស្ស័យ ទុតិយម្បិ/តតិយម្បិ អហំ ភន្តេ និស្សយំ យាចាមិ បពិត្រ លោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណាសូមនូវនិស្ស័យជាគម្រប់ពីរដងផង/បីដងផង។ ក្រាបចុះម្តងរួចអង្គុយច្រហោងឡើងវិញ ពោលដូច្នេះតទៅទៀត អាចរិយោ មេ ភន្តេ ហោហិ បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំព្រះ ករុណា។ ហើយលោកអាចារ្យពោលដូច្នេះថា សាធុ អ្នកប្រព្រឹត្តនេះជាការ​សម្រេចប្រយោជន៍ល្អក្នុងព្រះពុទ្ធសាសនាហើយ (ឬលោកថា) លហុ អ្នកប្រព្រឹត្ត នេះជាកិច្ចស្រួល គឺថាជាការចិញ្ចឹមជីវិតងាយក្នុងព្រះពុទ្ធសាសនាហើយ (ឬលោក ថា) ឱបាយិកំ អ្នកប្រព្រឹត្តប្រកបដោយឧបាយជាទីរលាស់នូវខ្លួនចេញចាកសំ សារទុក្ខហើយ (ឬលោកថា) បដិរូបំ អ្នកសូមនូវអាចារ្យនេះជាកិច្ចដ៏សមគួរដល់ សេចក្តីកោតក្រែងតាមបវេណីហើយ (ឬលោកពោលថា) បាសាទិកេន  សម្បាទេហិ ចូរអ្នកញ៉ាំងប្រជុំបីនៃសិក្ខាមានអធិសីលសិក្ខាជាដើម ឲ្យសម្រេច​ចុះ។ ដោយក្នុងបទទាំង ៥ នេះ ព្រះអាចារ្យនឹងពោលតបដោយបទណាមួយក៏​បាន តែត្រូវពោលឲ្យគ្រប់បីដង។
ឧបាសក ឧបាសិកាត្រូវទទួលថាៈ
        ឧកាស សម្បដិច្ឆាមិ សូមទានគោរពខ្ញុំព្រះករុណា សូមទទួលព្រមតាម​ ដោយគោរព។ ត្រង់បទពីរដងបន្ទាប់ត្រូវថាតែត្រឹម សម្បដិច្ឆាមិ ហើយត្រូវ​ពោលដូច្នេះ ៣ដង តទៅទៀតថាៈ
        អជ្ជតគ្គេទានិ អាចរិយោ មយ្ហំ ភារោ អាចរិយស្ស ភារោ ប្រែថា​ តាំង​ពីថ្ងៃនេះជាដើមទៅ ព្រះអាចារ្យជាភារនៃខ្ញុំព្រះករុណា គឺភារៈក្នុងកិច្ចដែលខ្ញុំព្រះ ករុណាគប្បីធ្វើវត្តប្រតិបត្តិកោតក្រែងជានិច្ច ចំណែកខ្ញុំព្រះករុណាក៏ជាភារៈនៃលោកអាចារ្យ គឺភារៈក្នុងកិច្ចដែលលោកម្ចាស់ គប្បីរលឹកដាស់តឿនប្រៀនប្រដៅដល់ខ្ញុំ ព្រះករុណាជានិច្ច។ រួចថ្វាយបង្គំចុះ។
        បន្ទាប់មកអង្គុយចង្ហោងផ្គងអញ្ជលីប្រណម្យពោលថាៈ
        ឥមាហំ ភន្តេ អត្តភាវំ តុម្ហាកំ បរិច្ចជាមិ ប្រែថា បពិត្រលោកម្ចាស់ដ៏ ចម្រើន ខ្ញុំព្រះករុណាសូមលះបង់នូវអត្តភាពនេះចំពោះលោកម្ចាស់ (៣ដង) ហើយថ្វាយបង្គំ ៣ ចុះ។
        ‑បើភិក្ខុ ឬសាមណេរវិញ មិនមានកិច្ចថ្វាយខ្លួនដូចឧបាសក ឧបាសិកាទេ មានតែកិច្ច គឺការកំណត់នូវសីលរបស់ខ្លួនហើយ សូមនិស្ស័យដម្កល់លោកឲ្យជា អាចារ្យ ថ្វាយខ្លួនសូមរៀនកម្មដ្ឋាន អំពីសំណាក់អាចារ្យនៃខ្លួន។ ដូចបានពោល​រួចហើយនេះតែប៉ុណ្ណោះ។
        បុច្ឆា ក្នុងកិច្ចប្រគល់ខ្លួននេះមានអានិសង្សដូចម្តេច? វិសជ្ជនា មានអានិសង្សនឹងធ្វើ ខ្លួនឲ្យលុះក្នុងអំណាចរបស់អាចារ្យឲ្យជាអ្នកប្រដៅងាយ មិនឲ្យប្រតិបត្តិទៅតាមអំពើចិត្ត អាចារ្យសោតក៏លោកសង្គ្រោះដោយផ្លូវអាមិស និងផ្លូវធម៌គ្រប់ជំពូក។
        បុច្ឆា បើបែរជាមិនប្រគល់ខ្លួនដូច្នេះវិញទេ និងមានទោសដូចម្តេច?
        វិស្សជ្ជនា នឹងទៅជាបុគ្គលមិនគួរឲ្យអាចារ្យលោកគម្រាមកំហែងស្តីប្រដៅ បាន ព្រះយោគាវចកុលបុត្រនេះនឹងទៅជាបុគ្គលប្រដៅក្រ មិនប្រព្រឹត្តតាមឳវាទ ចង់ទៅទីណាក៏ទៅតាមទំនើងចិត្ត ហើយអាចារ្យ ក៏លោកមិនសង្គ្រោះដោយផ្លូវអា មិសនិងផ្លូវធម៌ លោកមិនបង្រៀនផ្លូវណា ដែលជាអាថ៌កំបាំងជ្រាលជ្រៅ កាលបើ ដូចនេះ ព្រះយោគាវចកុលបុត្រនោះនឹងទៅជាបុគ្គលមិនមានទីពឹងអាស្រ័យ នឹង បែរទៅជាប្រព្រឹត្តទ្រុស្តសីល ដាច់ចាកសេចក្តីល្អវិញក៏សឹងមាន ហេតុនោះត្រូវតែ​ប្រគល់ខ្លួនដូចន័យដែលបានពោលមកនេះ។
២‑បើធម្មាចារ្យជាគ្រហស្ថវិញ បរិស័ទត្រូវប្រតិបត្តិដូចតទៅៈ
        ក/វិធីថ្វាយខ្លួនជាឧបាសក ឧបាសិកា មុនដំបូងត្រូវនមស្ការចំពោះព្រះរតន ត្រ័យដោយសេចក្តីគោរព បន្ទាប់មកទៀតត្រូវធម្មាចារ្យនាំបុរស ឬស្ត្រីដែលត្រូវ​រៀនកម្មដ្ឋាននោះ ធ្វើវិធីសូមខមាទោសចំពោះព្រះរតនត្រ័យ និងប្រកាសខ្លួនជា ឧបាសក ឧបាសិកាក្នុងទីចំពោះមុខ ភិក្ខុ សាមណេរ ជាបុគ្គល ឬសង្ឃ។ បើគ្មាន ភិក្ខុសាមណេរទេនោះ ត្រូវធ្វើវីធីនោះក្នុងទីចំពោះព្រះភក្រ័ព្រះពុទ្ធរូប ឬចំពោះនឹង ព្រះសថូប ព្រះចេតិយ ដែលបញ្ចុះព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។
បើបុរសតែម្នាក ឬស្ត្រីតែម្នាក់ត្រូវថាៈ
        អច្ចយោ មំ ភន្តេ អច្ចគមា យថា ពាលំ យថាមុឡ្ហំ យថាអកុសលំ យោ/យា ហំ ភន្តេ កាយេន វា វាចាយ វា មនសា វា ភគវតោ/ពុទ្ធស្ស វា ធម្មស្ស វា សង្ឃស្ស វា អគារវំ អកាសឹតស្ស/អកាសឹតស្សា មេ ភន្តេ      អយ្យោ/អយ្យា/សង្ឃោ អច្ចយំ អច្ចយតោ បដិគ្គណ្ហតុ/បដិគ្គណ្ហន្ត/បដិគ្គណ្ហតុ អាយតឹ សំវរាយ បពិត្រព្រះដ៏មានព្រះភាគ/បពិត្រ​ព្រះករុណា/បពិត្រព្រះករុណាទាំងឡាយ/បពិត្រព្រះសង្ឈ ដ៏ចម្រើន ទោសកំ​ហុសដែលបានប្រព្រឹត្តកន្លងគ្របសង្កត់ហើយនូវខ្ញុំព្រះករុណា តាមដោយខ្ញុំព្រះករុណាជាមនុស្សល្ងង់ខ្លៅជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស បពិត្រព្រះដ៏មានព្រះភាគ/បពិត្រព្រះករុណា/បពិត្រព្រះករុណាទាំងឡាយ/បពិត្រព្រះសង្ឃដ៏​ចម្រើន ក្រែងខ្ញុំព្រះករុណាបានធ្វើហើយនូវសេចក្តីល្មើស មិនគោរពដល់ព្រះដ៏មានព្រះភាគក្តី/ដល់ព្រះពុទ្ធជាម្ចាស់ក្តី ដល់ព្រះធម៌ក្តី ដល់ព្រះសង្ឃក្តី ដោយ​កាយក្តី ដោយវាចាក្តី ដោយចិត្តក្តី បពិត្រព្រះដ៏មានព្រះភាគ/បពិត្រព្រះករុណា/បពិត្រព្រះករុណាទាំងឡាយ/បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ/សូមព្រះករុណា/សូមព្រះករុណាទាំងឡាយ/សូមព្រះសង្ឃ អត់នូវទោសកំហុសនោះដល់ខ្ញុំព្រះករុណា ព្រោះអំពើនៃទោសនោះជាសេចក្តីខុសពិត ដើម្បីនឹងបាន​សង្រួម គឺថានឹងប្រព្រឹត្តឲ្យល្អតទៅក្នុងខាងមុខនោះហោង។ រួចហើយបុគ្គល ឬគណៈ ឬសង្ឃ ដែលនៅជាប្រធាននៅទីនោះត្រូវទទួលសាធុ ប្រែថា ប្រពៃហើយ
        បើបុរសត្រូវសូត្រថា  យោហំ ថា តស្ស មេ បើស្ត្រីត្រូវសូត្រថា តស្ស មេ បើស្ត្រីត្រូវថា យាហំ ថា តស្សា មេ តាមគួរដល់បាលីភាសាដែលត្រូវផ្លាស់ តាម​ បុរសស្ត្រី ទោះបីបុរសក្តី ស្ត្រីក្តី បើសូមខមាទោសក្នុងទីចំពោះព្រះភ័ក្រ្តព្រះពុទ្ធរូប ឬ ចំពោះនឹងព្រះសថូប ព្រះចេតិយ ដែលបញ្ចុះព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធនោះ ត្រូវសូត្រថា ភគវតោ វា ថា បដិគ្គណ្ហតុ បើចំពោះនឹងភិក្ខុ១រូប ត្រូវសូត្រថា ពុទ្ធស្ស​ វា ថា ភន្តេ អយ្យោ ថា បដិគ្គណ្ហតុ បើចំពោះគណៈ គឺភិក្ខុ២រូប ឬ ៣ រូបត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្តេ អយ្យា ថា បដិគ្គណ្ហតុ បើ ចំពោះព្រះសង្ឃត្រូវសូត្រថា ពុទ្ធស្ស​ វា ភន្តេ សង្សោ​ ថា បដិគ្គណ្ហតុ ត្រង់​សេចក្តីប្រែ ក៏មានរបៀបតាមជួរបាលីដែលប្រែតាមនោះដែរ បើសុទ្ធតែបុរស ឬសុទ្ធតែស្ត្រីច្រើននាក់ ឬបុរស និងស្រ្តីច្រើននាក់លាយគ្នា តាំងពីពីរនាក់ឡើងទៅ ហើយសូមខមាទោសព្រមគ្នានោះត្រូវសូត្រថាៈ អច្ចយោ នោ ភន្តេ អច្ចគមា យថា      ពាលេ/ពាលា យាថា មុឡ្ហេ/ឡ្ហា យថា អកុសលេ/អកុសលា យេ/យា មយំ ភន្តេ កាយេន វា វាចាយ វា មនសា វា ភគវតោ/ពុទ្ធស្ស វា ធម្មស្ស វា សង្ឃស្ស វា អគារវំ អករិម្ហា តេសំ/តាសំ នោ ភន្តេ ភគវា/អយ្យោ/ អយ្យា/ សង្ឃោ អច្ចយំ អច្ចយតោ បដិគ្គណ្ហតុ/តុ/ន្តុ/តុ អាយតឹ សំវរាយ សេចក្តីប្រែដូចគ្នានឹងបែបមុនប្លែកគ្នាតែត្រង់ពាក្យថា “ខ្ញុំព្រះករុណា” នោះក្នុងទីនេះ ត្រឡប់ប្រែថា “ខ្ញុំព្រះករុណាទាំងឡាយ” ដូច្នេះវិញ ក្រៅអំពីនេះ​ទៅដូចគ្នាទាំងអស់។
        បើបុរសត្រូវថាៈ យថា ពាលេ យថា មុឡ្ហេ យថា អកុសលេ យេ មយំ ថា តេសំ នោ បើស្ត្រីត្រូវថា យថា ពាលា យថា មុឡ្ហា យាថា អកុ- សលា យា មយំ ថា តាសំ នោ បើទុកជាគ្នាច្រើនមានបុរសស្រ្តីលាយគ្នា ហើយសូត្រខមាទោសព្រមគ្នា នោះក៏ត្រូវតែសូត្រខុសគ្នាត្រង់បទដែលគាបនោះ ដែរ វៀរលែងតែបទដែលគាប​ ៣ អន្លើ គឺត្រង់បទថា ភគវតោ វា ពុទ្ធស្ស វា ភគវា អយ្យោ អយ្យា សង្ឃោ បដិគ្គណ្ហតុ បដិគ្គណ្ហន្តុ នេះត្រូវសូត្រដូចគ្នា ទាំងបុរសទាំងស្ត្រី តែបើគ្នាច្រើនហើយសូត្រសូមខមាទោសព្រមទាំងអស់គ្នានោះ បើមិនបាច់សូត្រដោយជា ពហុវចនៈ តាមបែបខាងក្រោយនេះនឹងសូត្រដោយ ពាក្យជា ឯកវចនៈ តាមបែបមុននោះក៏បាន ព្រោះសូត្រសូមខមាទោសព្រម​ទាំងអស់គ្នា។
        លុះបានសូត្រសូមខមាទោសនឹងព្រះរតនត្រ័យដូច្នេះរួចហើយ គប្បីបញ្ចេញ វចីភេទ ប្តេជ្ញាខ្លួនជាអ្នកដល់ព្រះត្រៃសរណគមន៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក ដើម្បីនឹងឲ្យឡើងនាមបញ្ញត្តិជាឧបាសក ឬឧបាសិកាក្នុងព្រះពុទ្ធ សាសនាតទៅ។
        ឯពាក្យប្តេជ្ញាខ្លួនចំពោះមុខបុគ្គល គណៈ ឬសង្ឃ បានពោលរួចហើយ។ រីឯ ការប្តេជ្ញាខ្លួនជាឧបាសក ឧបាសិកា ចំមុខព្រះពុទ្ធរូប ព្រះសថូប ព្រះចេតិយ ដែលបញ្ចុះព្រះសារីរិកធាតុព្រះដ៏មានបុណ្យ។
        បើបុរសតែម្នាក់ ស្ត្រីតែម្នាក់ ត្រូវពោលប្តេជ្ញាដោយពាក្យថា
        ឯសាហំ ភន្តេ ភគវន្តំ សរណំ គច្ឆាមិ ធម្មញ្ច សង្ឃញ្ច ឧបាសកំ/ ឧបាសិកំ មំ ភគវា ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ។
        ប្រែថា បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន ខ្ញុំព្រះករុណាសូមដល់នូវព្រះដ៏ មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងទីរឭក សូមព្រះដ៏មាន ព្រះភាគទ្រងជ្រាបនូវខ្ញុំព្រះករុណាថាជា ឧបាសក/ឧបាសិកា បានដល់​ហើយនូវព្រះរតនត្រ័យជាទីពឹងទីរឭកស្មើដោយជីវិតតាំងអំពីថ្ងៃនេះជាដើមរៀង ទៅ។
        បើគ្នាច្រើនក៏ត្រូវសូត្រដូចន័យមុន​ ខុសតែត្រង់ពាក្យថា ភគវន្តំ ថា ភគវា ប៉ុណ្ណោះ បើគ្នាច្រើនហើយ នឹងសូត្រប្តេជ្ញាខ្លួនព្រមគ្នាដោយពាក្យជា ឯកវចនៈ ក៏បានព្រោះសូត្រព្រមគ្នាទាំងអស់។
        វិធីសូមខមាទោស និងថ្វាយខ្លួនជាឧបាសក ឧបាសិកា ធម្មាចារ្យ និងបុរស​ស្ត្រី អ្នកប្រាថ្នានឹងរៀនកម្មដ្ឋាននោះ សូត្រព្រមគ្នាក៏បាន មិនជាអ្វី។
ខ.វិធីសមាទានសីល
        បន្ទាប់ពីបានថ្វាយខ្លួនជាឧបាសក ឧបាសិកាមក ព្រះធម្មាចារ្យ និងឧបា​សក ឧបាសិកាទាំងអស់ត្រូវសមាទានសីលចំពោះ ភិក្ខុ-សាមណេរ បន្តទៅទៀត។
(រីឯវិធីសមាទានសីលនោះ បានពោលរួចហើយ)
គ.វិធីរៀនយកកម្មដ្ឋាន
        ឧបាសក‑ឧបាសិកាដែលបានសមាទានសីលរួចហើយ ប្រាថ្នានឹងរៀនព្រះ កម្មដ្ឋាននោះ គប្បីប្រគល់កាយជូនអត្តភាពដល់ព្រះធម្មាចារ្យ ដោយពាក្យថាៈ ឥមាហំ អាចរិយ អត្តភាវំ តុម្ហាកំ បរិច្ចជាមិ
        ១‑បើគ្មានភិក្ខុ សាមណេរ ​ឧបាសក ឧបាសិកាគប្បីសមាទានសីលនឹងព្រះ  ធម្មាចារ្យជាឧបាសក ឧបាសិកានោះក៏បាន។
        បពិត្រលោកអាចារ្យដ៏ចម្រើន ខ្ញុំបាទ (នាងខ្ញុំ) សូមលះបង់នូវអត្តភាពនេះចំ ពោះលោកម្ចាស់។
        ប្រសិនបើភិក្ខុសាមណេរសូមរៀនកម្មដ្ឋាន អំពីសំណាក់ធម្មាចារ្យជាគ្រហស្ថ មានតែកិច្ច គឺសូមប្រគល់ខ្លួន អញ្ជើញលោកអាចារ្យជួយដឹកនាំបង្រៀននូវកម្មដ្ឋានដោយត្រង់ជាពាក្យសាមញ្ញ (ធម្មតា) តែម្តងគួរ បើនឹងទៅវន្ទាថ្វាយបង្គំប្រ​ណម្យអញ្ជលី ដូចសាមណេរធ្វើកិច្ចវត្តចំពោះភិក្ខុមិនត្រូវទេ ព្រោះខ្លួនជាឧត្តមភេទ (បព្វជិត) រីឯធម្មាចារ្យជាភេទគ្រហស្ថ។
        ឯធម្មាចារ្យវិញត្រូវលើកដៃថ្វាយបង្គំប្រណម្យអញ្ជលីប្រកាសខ្លួន ព្រមទទួល ជួយបង្រៀនព្រះកម្មដ្ឋានដល់ភិក្ខុ‑សាមណេរទើបគួរ ព្រោះភិក្ខុក្តី សាមណេរក្តីជា សរណគមន៍របស់ខ្លួន។
        ៣.បើព្រះធម្មាចារ្យជាសាមណេរ ហើយភិក្ខុអ្នកសូមរៀនព្រះកម្មដ្ឋានត្រូវ  ប្រតិបត្តិដូចតទៅ៖
        ក្នុងព្រះវិន័យក្នុងព្រះពុទ្ធសាសនា ភិក្ខុក្រាបថ្វាយបង្គំចំពោះសាមណេរមិន ត្រូវ ឯសាមណេរវិញឲ្យភិក្ខុក្រាបថ្វាយបង្គំវិញក៏មិនត្រូវ មានទោសដូចគ្នា។ កិច្ច​ប្រតិបត្តិក្នុងការរៀនព្រះកម្មដ្ឋាន កាលបើភិក្ខុមិនប្រគល់ខ្លួនឲ្យព្រះធម្មាចារ្យដឹក​នាំរៀនកម្មដ្ឋាននោះទេ ហើយព្រះធម្មាចារ្យទៅពន្យល់ប្រដៅ បង្រៀនភិក្ខុនោះតែ ម្តងក៏មិនគួរដែរ។
        ដូច្នេះ ភិក្ខុអ្នកប្រាថ្នាដើម្បីរៀនកម្មដ្ឋាននោះត្រូវផ្គងឡើងនូវអញ្ជលីប្រគល់ កាយថ្វាយខ្លួន​ ដោយត្រឹមបញ្ចេញវចីភេទថាៈ
        ឥមាហំ អាចរិយ/សប្បុរស អត្តភាវំ តុម្ហាកំ បរិច្ចជាម បពិត្រលោក លោកអាចារ្យ/បពិត្រលោកដ៏សប្បុរស ដ៏ចម្រើន ខ្ញុំព្រះករុណាសូមលះបង់នូវអត្ត ភាពនេះដល់លោកម្ចាស់។
        ការផ្គងអញ្ជលីប្រគល់កាយថ្វាយខ្លួននេះ យកតាមដំណើររឿង បោថិលត្ថេរ ដែលសូមរៀនព្រះកម្មដ្ឋាន និងសាមណេរជាព្រះខីណាស្រព១ អង្គ ដែលមាន​ព្រះជន្មទើបតែ ៧ ព្រះវស្សាប៉ុណ្ណោះ ក្នុងគម្ពីរធម្មបទដ្ឋកថាភាគ ៧។ ​ប្រសិនបើ ភិក្ខុទៅថ្វាយបង្គំទៀបបាទានៃសាមណេរផងនោះ ក៏មិនគួរដែរ រីឯសាមណេរជា ធម្មាចារ្យ ដែលមានសេចក្តីអនុគ្រោះចំពោះភិក្ខុនោះ ត្រូវផ្គងអញ្ជលីក្រាបថ្វាយ​បង្គំចំពោះភិក្ខុហើយ ប្រកាសខ្លួនជួយបង្រៀនព្រះកម្មដ្ឋានគួរ។ រីឯកិច្ចថ្វាយខ្លួន ជាឧបាសក ឧបាសិកា និងសមាទានសីលមុនពេលប្រគល់ខ្លួនដល់ធម្មាចារ្យ នោះក៏មិនមានដែរ មានត្រឹមតែការកំណត់ត្រឹមសីល ៤ របស់ខ្លួនឯងហើយ នឹង​ប្រកាសប្រគល់ខ្លួនដល់ធម្មាចារ្យប៉ុណ្ណោះ។
        កិច្ចទាំងអស់ដែលបានពោលមកហើយ អំពីបញ្ហាព្រះធម្មាចារ្យ និងបរិស័ទ អ្នកប្រាថ្នារៀនកម្មដ្ឋានត្រូវធ្វើចំពោះគ្នាទៅវិញទៅមក នោះសុទ្ធតែជាទីនាំមកនូវ សេចក្តីចម្រើនគ្រប់យ៉ាង ក្នុងការប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនាហោង។
        ធម៌ដែលឧបាសក ឧបាសិកា ភិក្ខុ សាមណេរ គប្បីរៀនប្រតិបត្តិ តាមលំដាប់ក្នុងវិបស្សនាថ្នាក់ដំបូងមានដូចតទៅ ៖
        កិរិយាដម្កល់ចិត្តក្នុងព្រះត្រៃសរណគមន៍
        ពាក្យថា ត្រៃសរណគមន៍ < ត្រៃ + សរណ + គមន៍
        ត្រៃ < តិ ប្រែថា បី, សរណ ប្រែថា ជាទីពឹងទីរឭក, គមន៍ < គមន ប្រែថា វត្ថុ ដែលដល់, រួមបទ តិសរណគមន > ត្រៃសរណគមន៍ (វត្ថុដែលដល់ជាទីពឹងទីរ​ឭកបី)។
សរណគមន៍មាន ៣ យ៉ាងគឺៈ
ព្រះពុទ្ធ១, ព្រះធម៌១, ព្រះសង្ឃ១
        ១‑លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អដោយកាយវាចាចិត្តតាមធម៌​ វិន័យ ហៅថា ព្រះពុទ្ធ។
        ២‑ធម៌វិន័យពាក្យប្រដៅរបស់ព្រះពុទ្ធ ហៅថា ព្រះធម៌ ។
        ៣‑ពួកជនដែលបានស្តាប់ពាក្យប្រដៅរបស់ព្រះពុទ្ធ ហើយបួសប្រតិបត្តិល្អ តាមព្រះធម៌វិន័យ ហៅថា ព្រះសង្ឃ
        វត្ថុទាំងបីយ៉ាងនេះ ហៅថា ព្រះត្រៃរតនៈ ប្រែថា កែវ ៣ ដ៏ប្រសើរក៏បាន។
        ‑ព្រះត្រៃសរណគមន៍នោះដែលសម្រេចមានក្នុងសន្តានចិត្តនៃពុទ្ធបរិស័ទទៅបានលុះត្រាតែពុទ្ធបរិស័ទមានចិត្តឈានចុះស៊ប់ក្នុងសទ្ធា។
សទ្ធាមាន ៤ យ៉ាងគឺៈ
        ១.កម្មសទ្ធា               ការជឿកម្ម
        ២.វិបាកសទ្ធា            ការជឿផល
        ៣.កម្មស្សកតាសទ្ធា    ការជឿថាសត្វទាំងឡាយមានកម្មដែលខ្លួនធ្វើហើយ ជារបស់ខ្លួន។
        ៤.តថាគតពោធិសទ្ធា  ការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត។
សេចក្តីអធិប្បាយ
        ១‑កម្មសទ្ធា < កម្ម + សទ្ធា សទ្ធា ប្រែថា ការជឿ ឬជំនឿ, កម្ម ប្រែថា អំ ពើគឺ អំពើ ឬការងារដែលសត្វធ្វើ, រួមជាកម្មសទ្ធា ប្រែថា ការជឿនូវអំពើដែលសត្វ ធ្វើ។
        កម្មគឺអំពើនោះមាន ២ យ៉ាងគឺ កុសលកម្ម១, អកុសលកម្ម១
        កុសលកម្មមានន័យថា : អំពើល្អ មានការមិនសម្លាប់សត្វមានជីវិត មិនកាន់ យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយកាយ ឬដោយវាចា ឬថាការបរិច្ចាគទាន រក្សាសីល ចម្រើនព្រះកម្មដ្ឋានជាដើម។
        អកុសលកម្ម អំពើអាក្រក់មានការសម្លាប់សត្វមានជីវិតជាដើម។
        ព្រះពុទ្ធដីការទ្រង់ត្រាស់សម្តែងថាៈ កុសលកម្មតែងនាំសត្វឲ្យបានសេចក្តី សុខចម្រើន បានញ៉ាំងសត្វឲ្យកើតក្នុងសុគតិសួគ៌ នាំឲ្យសត្វបានលុះក្នុងមគ្គផល ជាលោកុត្តរថែមទៀត។ អកុសលកម្ម រមែងញ៉ាំងសត្វឲ្យដល់នូវសេចក្តីវិនាសទុក្ខ លំបាកមានការញ៉ាំងសត្វឲ្យកើតក្នុងអបាយភូមិ មាននរកជាដើម។
        ២‑វិបាកសទ្ធា < វិបាក + សទ្ធា
        សទ្ធា ប្រែថា ជំនឿ ឬការជឿ, វិបាក ប្រែថា ផល, វិបាកសទ្ធា ប្រែថា ការជឿ នូវផល, ផលគឺជាផលរបស់កុសលម្ម និងអកុសលកម្ម។
        ព្រះពុទ្ធដីការ ទ្រង់សម្តែងថា សត្វទាំងឡាយកំពុងបាននូវសេចក្តីសុខ និង សេចក្តីចម្រើន មានការសោយនូវសេចក្តីសុខក្នុងមនុស្សសម្បត្តិ ឬសគ្គសម្បត្តិ (សម្បត្តិរបស់ទេវតា) ឬកំពុងចម្រើនដោយ អាយុ​ វណ្ណៈ សុខៈ ពលៈ និងបដិ​ភាណៈក្នុងឋាននៃមនុស្សជាដើមមកអំពីកម្មជាកុសលជាហេតុបច្ច័យ។ សត្វទាំង ឡាយកំពុងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសដ៏ធំ មានសត្វដែលកំពុងសោយ ទុក្ខ ក្នុងមហានរកជាដើម ឬសត្វទាំងឡាយ ដែលកើតក្នុងឋានមនុស្សកំពុងដល់ នូវសេចក្តីវិនាស មានការវិនាស​បាត់បង់ទ្រព្យសម្បត្តិ ឬអាយុខ្លីមានជម្ងឺច្រើន ជាដើមមកតែអំពីកម្មជាអកុសលជាហេតុបច្ច័យ។
        ៣.កម្មស្សកតា សទ្ធា < កម្មស្សកតា + សទ្ធា , សទ្ធា ប្រែថា ការជឿ ឬជំនឿ, កម្មស្សកតា ប្រែថា សត្វទាំងឡាយមានកម្មដែលខ្លួនធ្វើហើយជា របស់ខ្លួន រួមជាកម្មស្សកតាសទ្ធា ប្រែថា ការជឿថាសត្វទាំងឡាយមានកម្មដែល ខ្លួនធ្វើហើយជារបស់ខ្លួន។ អំពើល្អ ឬអំពើអាក្រក់នោះ គឺជាអំពើរបស់សត្វ នោះ​ដោយពិតប្រាកដ មិនមែនជារបស់សត្វណាផ្សេងឡើយ។
        សេចក្តីថាៈ សត្វណាលូកកាន់រងើកភ្លើងដោយខ្លួនឯង សត្វនោះពិតជាក្តៅ ដោយខ្លួនឯង ជនណាមានខ្លួនប្រឡាក់ភក់ ហើយទៅងូតទឹកដុសសាប៊ូជម្រះ​កាយដោយខ្លួនឯង ជននោះពិតជាស្អាតដោយខ្លួនឯង ជនណាមានសេចក្តីស្រេក ឃ្លាន គ្របសង្កត់ហើយ បានបរិភោគនូវបាយ និងទឹកលុះដល់ឆ្អែតស្កប់ស្កល់​ដោយខ្លួនឯង ជននោះ ក៏បាត់សេចក្តីស្រេកឃ្លានដោយខ្លួនឯងមែនពិត មានសេចក្តីឧបមាយ៉ាងណា សត្វណាធ្វើអំពើបាបដោយខ្លួនឯង រមែងសៅហ្មងដោយ​ខ្លួនឯង សត្វណាមិនធ្វើអំពើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង អំពើ​ល្អនិងអាក្រក់ដែលខ្លួនធ្វើហើយ  អំពើនោះជារបស់ខ្លួនមែនពិត បុគ្គលដទៃមិន គប្បីជម្រះនូវបុគ្គលដទៃឲ្យស្អាតបានឡើយ គឺជនចង់ស្អាតបរិសុទ្ធដោយខ្លួនឯង សត្វណាសាងបាបដោយខ្លួនឯង បន្ទាប់អំពីការបែកធ្លាយរាងកាយទៅហើយ ចូលទៅកើតក្នុងអបាយភូមិ ៤ មាននរក ជាដើមដោយខ្លួនឯង។
        សត្វណាកសាងបុណ្យដោយខ្លួនឯង បន្ទាប់អំពីការបែកធ្លាយរាងកាយទៅ ហើយចូលទៅកើតក្នុងសុគតិសួគ៌ទេវលោកជាដើមដោយខ្លួនឯង ក៏មានសេចក្តី ឧបមេយ្យក៏យ៉ាងនោះដែរ។
        ៤.តថាគតពោធិសទ្ធា < តថាគត + ពោធិ + សទ្ធា
        តថាគត < តថា + អាគត ប្រែថា ទ្រង់មកហើយ ដោយប្រការដូច្នេះ ពោធិ ប្រែថា សេចក្តីត្រាស់ដឹង សទ្ធា ប្រែថា ការជឿ ឬជំនឿ រួមជា​ តថាគតពោធិ​សទ្ធា ប្រែថា ការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត។
        តថាគតពោធិសទ្ធា ចែកជាពីរយ៉ាងគឺ កាលិកសទ្ធា១, អកាលិកសទ្ធា១
        ១‑កាលិកសទ្ធា គឺការជឿក្នុងព្រះនាមរបស់ព្រះពុទ្ធជាម្ចាស់ទាំង ១០ មាន អរហំ  ទ្រង់ព្រះនាមអរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺ កិសេល មាន ១៥០០ និងវាសនា គឺកាយបយោគ និងវចីបយោគជាដើម។
        ព្រះនាមទាំង ១០ មានអរហំជាដើមនេះ គឺជាព្រះនាមរបស់ព្រះពុទ្ធមែនពិត​ដែលកើតឡើងឯងព្រមគ្នាក្នុងសម័យ ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណទ្រង់គង់លើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្ស ដ៏ប្រសើរមិនមែន បានមកពីព្រះមាតា ឬបិតា ឬរាជត្រកូលណាមួយ ឬទេវតា​ ឬឥន្ទ្រព្រហ្មណាមួយ ដាក់ឈ្មោះព្រះអង្គឡើយ។ ព្រះអង្គពិតជាព្រះពុទ្ធមែន ទ្រង់ត្រាស់ដឹងនូវសច្ច ហើយអាចទូន្មាន ប្រដៅសត្វដទៃដែលមានឧបនិស្ស័យ ឲ្យត្រាស់ដឹងផង ធម៌​ណាដែលព្រះអង្គត្រាស់ដឹង សម្តែងហើយមានសីល១ សមាធិ១​ បញ្ញា១ ធម៌នោះ ជាធម៌ប្រព្រឹត្តទៅដើម្បីរួចចាកសេចក្តីទុក្ខបាន សត្វណាប្រតិបត្តិតាមធម៌​ សមគួរ ដល់ធម៌ ដែលព្រះអង្គទ្រង់សម្តែងហើយដោយប្រពៃសត្វនោះក៏បានរួចចាកសំ​សារទុក្ខមែនពិត។
        ២‑អកាសិកសទ្ធា គឺការជឿនូវបារមីទាំង ១០ មានទាន១, សីល១, នេក្ខម្ម១, បញ្ញា១, វិរិយ១, ខន្តី១, សច្ច១, អធិដ្ឋាន១, មេត្តា១, ឧបេក្ខា១ បារមីទាំង ១០ នេះ គឺព្រះតថាគតទ្រង់បានបំពេញបរិបូណ៌ហើយជាពុទ្ធការកធម៌ធ្វើឲ្យព្រះអង្គបាន ត្រាស់ដឹង បុគ្គលដែលមិនបានបំពេញនូវបារមីទាំង ១០ នេះ ឲ្យបានពេញលេញ បរិបូណ៌ទេនោះ បុគ្គលនោះនឹងមិនបានត្រាស់ដឹង មានឋានៈជាព្រះពុទ្ធដែរ ព្រះ សម្មាសម្ពុទ្ធបរមគ្រូនៃយើងពិតជាព្រះពុទ្ធមែនពិត ដោយព្រះអង្គទ្រង់បានបំពេញ បារមីទាំង ១០ បរិបូណ៌គ្រប់គ្រាន់ មិនមែនព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ បានដោយការសូកប៉ានដោយប្រាក់កាស អំពីសំណាក់នៃជនណា ម្នាក់ក្នុងលោក ឬបានមកដោយសារការអង្វរបន់ស្រន់ សូមអំពីសំណាក់នៃជនណាក្នុងលោក ឬ ថាជនណាម្នាក់ឃើញព្រះអង្គពេញចិត្តដោយ ហេតុណាមួយ​ហើយ ក៏លើកព្រះអង្គដម្កុំដម្កើងឲ្យបានឋានៈជាព្រះពុទ្ធក៏ទេដែរ។ តាមសេចក្តី​ពិតនោះ គឺព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងដែលព្រះអង្គបានត្រាស់​ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ បានឋានៈជាព្រះពុទ្ធ ជាបរមគ្រូដ៏ប្រសើរនៃមនុស្ស និងទេវតា កាលព្រះអង្គនៅជាពោធិសត្វ (សត្វស្វែងរកការត្រាស់ដឹង) នៅឡើយ ទ្រង់បានបំពេញនូវបារមីទាំង ១០ មហាបរិច្ចាគ ៥ ចរិយា​ ៣ យ៉ាងក្លៀវក្លាបំផុតពិ សេសអស់ ៤ អសង្ខេយ្យ កម្រៃ ១ សែនកប្ប​ ហើយសុទ្ធតែបានទទួលការព្យា​ករ-ណ៍អំពីសំណាក់នៃព្រះសព្វញ្ញូពុទ្ធ ២៤ ព្រះអង្គមានព្រះពុទ្ធទ្រង់ព្រះនាមទីបង្ករ ដ៏ប្រសើរក្នុងលោកជាដើមមែនពិត។
        សេចក្តីអត្ថាធិប្បាយមកហើយទាំងប៉ុណ្ណេះ ក៏ដើម្បីបញ្ជាក់អំពីសទ្ធា ៤ យ៉ាង ប៉ុណ្ណោះ សាធុជនទាំងឡាយអ្នកប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនាដើម្បី ធ្វើខ្លួនឲ្យ រួចចាកសង្សារទុក្ខនោះ គប្បីធ្វើការពិរណាដម្កល់ចិត្តឲ្យស៊ប់ក្នុងសទ្ធា ៤ យ៉ាងនេះ ដម្កល់ចិត្តក្នុងសទ្ធា យកសទ្ធាជាធំ ជាប្រធានក្នុងការប្រតិបត្តិធម៌ កាលបើសាធុ ជនអ្នកមានចិត្តមិនបានដម្កល់ស៊ប់ក្នុងសទ្ធាទាំង ៤ យ៉ាងនេះទេ នោះសេចក្តី​ចម្រើននៃគុណធម៌មានសីលជាដើម ក្នុងការប្រតិបត្តិធម៌ក៏មិនមានឡើយ ព្រោះ ថាគុណធម៌មានសីលជាដើម ដែលស្អាតបរិសុទ្ធចម្រើនឡើង លុះត្រាតែបុគ្គល​អ្នករក្សាសីល មានការជឿក្នុងការប្រតិបត្តិរក្សា និងដុះខាតសីលនោះឲ្យស្អាតបរិ- សុទ្ធជាហេតុ។
        សាធុជនណាដែលបានញ៉ាំងសទ្ធា ៤ យ៉ាងនេះឲ្យកើតឡើងក្នុងសន្តាននៃ ខ្លួន សាធុជននោះឈ្មោះថា ជាអ្នកមានកិរិយាដម្កល់ចិត្តចុះស៊ប់ក្នុងព្រះត្រៃ​សរណគមន៍មែនពិត។ ព្រោះហេតុអ្វី? ព្រោះថា កាលដែលព្រះបរមសាស្តាចារ្យ នៃយើងទ្រង់ចូលកាន់បរិនិព្វានទៅហើយ មានតែព្រះធម៌និងព្រះវិន័យ ដែលព្រះ អង្គទ្រង់សម្តែងហើយអស់ ៤៥ ឆ្នាំនេះឯង ដែលជាវត្ថុដំណាងព្រះអង្គជាគ្រូ បង្រៀនប្រដៅដល់ពុទ្ធបរិស័ទមែនពិត។
        ម្យ៉ាងទៀតកាលដែលព្រះអង្គគង់ធរមានព្រះជន្មនៅឡើយ ទ្រង់តែងតែសំ ដែងព្រះធម៌ទេសនាដល់សត្វលោក ដែលជាសត្វមានឧបនិស្ស័យតិចមិនទាន់ មានសទ្ធានៅឡើយ ឲ្យជឿកម្មនិងផល ជានិច្ចជាធម្មតា ព្រះធម៌គឺ កម្មនិងផលនៃកម្មនេះឯង សត្វណាមានចិត្តជឿស៊ប់ សត្វនោះឈ្មោះថា ជាអ្នកធ្វើនូវសេចក្តី គោរព ជឿនូវព្រះធម៌នៃព្រះអង្គឈ្មោះថាមានព្រះធម៌ គឺសទ្ធាជាខាងដើមនៃកិច្ច ប្រតិបត្តិជាទីពឹងហើយ កាលណាបើមានព្រះធម៌ជាទីពឹងហើយ ក៏ឈ្មោះថាមាន ព្រះពុទ្ធជាទីពឹងហើយដែរ សមនឹងព្រះពុទ្ធដីកាដែលព្រះបរមសាស្តាចារ្យទ្រង់​ត្រាស់ដាស់តឿនហើយចំពោះវក្កលិភិក្ខុថា យោ ខោ វក្កលិ ធម្មំ បស្សតិ សោ​មំ បស្សតិ យោ​ មំ បស្សតិ សោ ធម្មំ បស្សតិ នែវក្កលិ ជនណាពិចារណា​ឃើញនូវធម៌ ជននោះឈ្មោះថាឃើញនូវតថាគត ជនណាឃើញនូវតថាគត ជន នោះលុះតែពិចារណាឃើញនូវធម៌ (ធម៌ដែលព្រះតថាគតទ្រង់សម្តែងហើយ)។
        ជនណាកាលបើមានព្រះពុទ្ធ ព្រះធម៌ជាទីពឹងហើយ ជននោះក៏ឈ្មោះថា​មានព្រះសង្ឃជាទីពឹងដែរ។ ព្រោះហេតុអ្វី? ព្រោះថា ព្រះសង្ឃជាសាវកនៃព្រះដ៏ មានព្រះភាគអង្គលោក ក៏លោកសម្តែងព្រះធម៌ទេសនាដល់សត្វដែលមិនទាន់​មានសទ្ធាឲ្យជឿកម្ម និង ផលនៃកម្មដែរជាដំបូង កាលបុគ្គលស្តាប់នូវធម៌ទេសនា ដោយគោរពមានចិត្តជឿស៊ប់ក្នុងកម្ម និង ផលហើយ ក៏ឈ្មោះថាមានព្រះសង្ឃជា ទីពឹងដោយពិត។
        ម្យ៉ាងទៀតកាលបើសត្វមានចិត្តជឿស៊ប់ក្នុងកម្ម និង ផលនៃកម្មហើយក៏ត្រូវ ធ្វើនូវសេចក្តីគោរពកោតក្រែង បរិច្ចាគទានរក្សាសីលជាដើមចំពោះសង្ឃក្នុងព្រះ ពុទ្ធសាសនា។
កិរិយាដម្កល់ចិត្តក្នុងព្រះត្រៃសរណគមន៍
(ចប់)
កិច្ចខាងដើមនៃការរៀនយកនូវព្រះកម្មដ្ឋាន កិច្ចខាងដើមនៃការរៀនយកនូវព្រះកម្មដ្ឋាន Reviewed by www.vipassana dharmsk2.com on 3:56 PM Rating: 5
Powered by Blogger.